Loading...

Tuesday, September 27, 2016

កសិករ​ដាំ​ល្ពៅ​នៅ​ខេត្ត​ស្ទឹងត្រែង​បង្ខំ​ចិត្ត​កម្ទេច​ល្ពៅ​ចោល​រាប់​តោន​បន្ទាប់​ពី​តម្លៃ​ល្ពៅ​ធ្លាក់​ចុះ


កសិករ​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ព្រមាន​ឈប់​ធ្វើ​កសិកម្ម​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​តម្លៃ​កសិផល​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ខ្លាំង បើ​ទោះ​បី​ជា​កសិករ​អំពាវនាវ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ស្វែងរក​ទីផ្សារ​ដើម្បី​លើក​ស្ទួយ​កសិផល​កសិកម្ម​ដែល​ពួក​គេ​ដាំដុះ​បាន​ក្តី។ ក្រុម​កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ស្ទឹងត្រែង បង្ខំ​ចិត្ត​កម្ទេច​ល្ពៅ​ចោល​ក្នុង​ចម្ការ​រាប់​សិប​តោន បន្ទាប់​ពី​តម្លៃ​ល្ពៅ​មិន​អាច​ទូទាត់​កម្លាំង​ពលកម្ម​ដែល​ត្រូវ​ចំណាយ​ពេល​ប្រមូល​ផល​ចេញ​ពី​ចម្ការ​បាន។

ក្រុម​កសិករ​ដាំ​ល្ពៅ​នៅ​ខេត្ត​ស្ទឹងត្រែង សម្ដែង​ក្តី​បារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ដំណាំ​ល្ពៅ​ត្រូវ​ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ទាប​បំផុត​គិត​ជា​មធ្យម ១​គីឡូក្រាម ១៥០​រៀល​ដល់ ១៨០​រៀល។ បញ្ហា​នេះ ជំរុញ​ឲ្យ​កសិករ​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​លំបាក​នឹង​រើ​បម្រះ។

កសិករ​ដាំ​ល្ពៅ​នៅ​ភូមិ​វាលដេញ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ កញ្ញា មឿង សុខុម ត្អូញ​ថា កសិករ​ភាគច្រើន​ខ្ចី​ប្រាក់​ពី​ធនាគារ​ធ្វើ​ដើម​ទុន រំពឹង​ថា​បាន​ប្រាក់​ចំណេញ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ភាគច្រើន​បាន​បរាជ័យ។ កញ្ញា​បន្ត​ថា កសិករ​រាប់​រយ​គ្រួសារ​ដែល​ដាំ​ល្ពៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ ៥​គីឡូម៉ែត្រ​ឡើង​ទៅ បាន​បង្ខំ​ចិត្ត​បោះបង់​ល្ពៅ​ចោល​ក្នុង​ចម្ការ​រាប់​សិប​តោន ហើយ​កសិករ​មួយ​ចំនួន​បាន​ដាំ​បាញ់​ថ្នាំ​កម្ទេច​ផ្លែ​ល្ពៅ​ចោល។ កញ្ញា​មាន​សង្ឃឹម​តិចតួច​ណាស់​ថា កសិករ​មាន​លទ្ធភាព​ដោះ​បំណុល​បាន បើ​ពុំ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទេ​នោះ៖ «ខ្លះ​គ្នា​ចោល​ព្រោះ​អី​នៅ​ឆ្ងាយ ជួល​គេ​ដឹង​ដដែល។ ចឹង​គេ​ទុក​ចោល​នៅ​ហ្នឹង​ទេ ដូច​ថា​យើង​យក​លុយ​គេ ដល់​ពេល​ដាំ​ទៅ​របស់​ថោក​វា​គាប​សង្កត់​ហ្នឹង រើ​បម្រះ​មិន​ចង់​រួច។ ដល់​ពេល​ចឹង យើង​រក​អី​ដោះ​មិន​បាន ខ្លះ​គ្នា​រត់​ទៅ ខ្លះ​នៅ​ទៅ​លក់​នេះ​នោះ ជួនកាល​ផ្ទះ ជួនកាល​ដី»។

កសិករ​ម្នាក់​ទៀត​រស់នៅ​ឃុំ​សំអាង លោក ផាន់ ណារិទ្ធ ឲ្យ​ដឹង​ថា លោក​បង្ខំ​ចិត្ត​កម្ទេច​ល្ពៅ​ចោល​ក្នុង​ចម្ការ​ប្រហែល​ជិត ២​តោន​លើ​ផ្ទៃដី​ជាង ២​ហិកតារ ខណៈ​តម្លៃ​ល្ពៅ​មិន​អាច​ទូទាត់​កម្លាំង​ពលកម្ម និង​ការ​ដឹក​ជញ្ជូន។ លោក​ថា កសិករ​ភាគច្រើន​កំពុង​ជាប់​បំណុលគេ​វ័ណ្ឌ​ក ដែល​ប្រឈម​លក់​ទ្រព្យ​សម្បត្តិ​ដើម្បី​ដោះ​បំណុល៖ «អ្នក​មាន​ដី​ធ្វើ​ចម្ការ​ទាំងអស់​គ្នា ដល់​ខ្លះ​គេ​សុទ្ធតែ​ជាប់​បំណុល​គេ​ទាំងអស់​គ្នា បើ​វា​ខាត។ ខ្លះ​មាន​តែ​លក់​ដី​សង​គេ​វិញ។ ដី​អត់​ហាងឆេង​ទៀត​ឥឡូវ»។

កសិករ​ប្រមូល​ទិញ​ល្ពៅ​នៅ​ខេត្ត​ស្ទឹងត្រែង លោក សាម៉េង ហុង ទទួល​ស្គាល់​ថា តម្លៃ​ផលិតផល​ល្ពៅ​ធ្លាក់​ថ្លៃ បណ្ដាល​មក​ពី​រោងចក្រ​ថៃ ដែល​ទទួល​ទិញ​ល្ពៅ​មាន​តិច គឺ​ជា​កត្តា​ធ្វើ​ឲ្យ​តម្លៃ​ប្រមូល​ទិញ​ធ្លាក់​ចុះ។ លោក​បញ្ជាក់​ថា ល្ពៅ​ដែល​ថៃ បញ្ជា​ទិញ គឺ​គេ​រើស​តែ​ល្ពៅ​ពណ៌​ខៀវ​ស្រស់ និង​មាន​ទម្ងន់​ចាប់​ពី ៤​គីឡូក្រាម​ឡើង​ទៅ ហើយ​ល្ពៅ​មួយ​គីឡូក្រាម​តម្លៃ ៥០០​រៀល។ លោក​ថា ការ​ចំណាយ​ដឹក​ជញ្ជូន ចំណាយ​សមត្ថកិច្ច​តាម​ព្រំដែន ក៏​ជា​បន្ទុក​បន្ថែម​ទៀត​សម្រាប់​អាជីវករ​ប្រមូល​ទិញ​ល្ពៅ​នាំ​ចេញ​ពី​ក្នុង​ស្រុក៖ «បើ​រើស​ឡើង​ទៅ​ឲ្យ​ថៃ ចឹង​ទិញ​ចាប់ឆាយ​ទាំងអស់ ល្ពៅ​មួយ​គីឡូ ១៥០​រៀល តាំង​ពី​មួយ​គីឡូ​កន្លះ​ឡើង​ទៅ»។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង លោក លៀង សេង កត់​សម្គាល់​ថា តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​ដោយសារ​ពលរដ្ឋ​ដាំ​ដុះ​បាន​ច្រើន រួម​ផ្សំ​ទីផ្សារ​មាន​បញ្ហា​ក៏​មិន​មែន​តែ​កម្ពុជា ទេ នៅ​ប្រទេស​ឡាវ ក៏​មាន​វិបត្តិ​នេះ​ដែរ។ លោក​ថា ឈ្មួញ​ទិញ​កសិផល​មាន​តិចតួច ហើយ​អ្នក​ផ្គត់ផ្គង់​ច្រើន​ក៏​ជំរុញ​ឲ្យ​តម្លៃ​កសិផល​ចុះ​ថោក​ដែរ។ យ៉ាង​ណា លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួយ​ទិញ​កសិផល​ពី​កសិករ​ក្នុង​ស្រុក ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​កសិករ៖ «ទីផ្សារ​មាន​បញ្ហា​មិន​មែន​តែ​យើង​ទេ ប្រទេស​ជិត​ខាង​ក៏​មាន​បញ្ហា​ដែរ។ ឥឡូវ​មាន​តែ​ជំរុញ​ទឹក​ចិត្ត​យ៉ាង​ម៉េច​ជួយ​ទិញ​គ្នា​ឯង​ក្នុង​ស្រុក»។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ផ្អាក​ការ​នាំ​ចូល​ផលិតផល ឬ​កសិផល​ពី​ក្រៅ​ប្រទេស និង​ជំរុញ​ឲ្យ​គាំទ្រ ឬ​ប្រើប្រាស់​កសិផល​របស់​កសិករ​ក្នុង​ស្រុក ដើម្បី​ជួយ​សម្រាល​ការ​លំបាក​រយៈពេល​ខ្លី។ លោក​យល់​ថា រដ្ឋាភិបាល​ត្រូវ​ពិចារណា​ក្នុង​ការ​ត្រៀម​មូលនិធិ​ជាតិ​មួយ ដើម្បី​ជួយ​កសិករ​បន្ទាន់ និង​ជំនួយ​កសិករ​រយៈពេល​វែង៖ «ព្រោះ​ឥឡូវ​នេះ ពលរដ្ឋ​កំពុង​ឡុងចុង​ហើយ ចឹង​អាច​មាន​មធ្យោបាយ​បត់បែន​មួយ​ដែល​រដ្ឋាភិបាល​អាច​ស្នើ​ឡើង​បាន​ដែរ។ យើង​មើល​ដំណាំ​ណា​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​ហ្នឹង ល្ពៅ​គួរ​តែ​ឈប់​នាំ​ចូល​សិន​មក ហើយ​យើង​អាច​អ្នក​ដែល​ត្រូវ​ការ​បន្លែបង្ការ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​វិញ»។

នៅ​ខេត្ត​ស្ទឹងត្រែង កសិករ​ដាំ​ល្ពៅ​ច្រើន​ជាង​គេ គឺ​ស្រុក​ថាឡាបរិវ៉ាត់ លើ​ផ្ទៃដី​រាប់​រយ​ហិកតារ ហើយ​កសិករ​ក្នុង​មួយ​គ្រួសារ​ជំពាក់​បំណុល​គេ​ចាប់​ពី ៥០០​ដុល្លារ​ឡើង​ទៅ។

ក្រុម​កសិករ​ចាត់​ទុក​ថា តម្លៃ​លក់​ផ្លែ​ល្ពៅ​ឆ្នាំ​នេះ​កាន់​តែ​ចុះ​ថោក បើ​ប្រៀបធៀប​នឹង​តម្លៃ​លក់​ល្ពៅ​កាល​ពី​ឆ្នាំ​២០១៥ មាន​តម្លៃ​ជា​មធ្យម​ជាង ១.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ការ​ធ្លាក់​ថ្លៃ​នេះ ទើប​ជំរុញ​ឲ្យ​កសិករ​ចង់​បោះបង់​មុខ​របរ​កសិកម្ម៕

ប្រភព៖ RFA
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email