Loading...

Monday, September 26, 2016

សាហាវណាស់!! សត្វដំរីជាច្រើនក្បាលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃដើម្បីយកស្បែកនាំចេញទៅប្រទេសចិន!


វាជារឿងដ៏គួរឲ្យរន្ធត់ចិត្ត និងសោកស្តាយជាទីបំផុត ដែលដំរីជាច្រើនក្បាល ក្នុងប្រទេសភូមា ត្រូវបានក្រុមឈ្មួញទុច្ចរិត កាប់សម្លាប់ដើម្បីយកស្បែករបស់វាទៅច្នៃ ធ្វើជាគ្រឿងអលង្ការផ្សេងៗ និងថ្នាំសង្កូវដើម្បីកែរោគ រួចបញ្ចូនទៅលក់នៅប្រទេសចិន ដែលកំពុងតែមានតម្រូវការកើនឡើងខ្ពស់ ជាហេតុធ្វើឲ្យមហាជន មានការខឹងសម្បារ និងសោកស្តាយយ៉ាងខ្លាំង នូវការបាត់បង់ធនធានធម្មជាតិ​ប្រភេទសត្វដំរីដ៏មានតម្លៃនេះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងតំបន់ព្រៃដាច់ស្រយ៉ាលមួយកន្លែង ក្នុងប្រទេសភូមា សត្វដំរីជាច្រើនក្បាល ត្រូវបានគេរកឃើញថា ត្រូវបានបាញ់និងកាប់សម្លាប់ជាច្រើនក្បាល បណ្តាលឲ្យមានឈាមហូរដាបពេញផ្ទៃទឹក។ ចំពោះទីតាំងមួយនេះ គេស្គាល់ថាជាទីតាំងមួយសម្រាប់ផលិត និងចែកចាយខុសច្បាប់  ទោះបីជាកន្លងមក ធ្លាប់មានការព្រមានឲ្យបញ្ឈប់ សកម្មភាពធ្វើជំនួញនេះពីខាងអន្តរជាតិក៏ដោយ ក៏សកម្មភាពបំពានច្បាប់នេះ នៅតែកើតមានដដែលពីសំណាក់ពួកឈ្មួញខិលខូច។

បើតាមប្រភពបន្តថា ស្បែករបស់សត្វដំរីត្រូវបានគេយកធ្វើជាថ្នាំ ដើម្បីជួយព្យាបាលកែរោគផ្សេងៗ ជាពិសេសជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ លើសពីនេះ ស្បែករបស់វា ត្រូវបានគេច្នៃធ្វើជាគ្រឿងអលង្ការផ្សេងៗ ដោយកាត់ជាដុំៗ ដាក់ហាលថ្ងៃឲ្យស្ងួតក្រៀម រួចយកមកឆ្លាក់ធ្វើជាអង្កាំ។ មិនតែប៉ុណ្ណោះ សម្រាប់អង្កាំដែលបានច្នៃឡើង មានតម្លៃថ្លៃជាងគេនោះ គឺអង្កាំពណ៌ក្រហម ដែលមានពន្លឺភ្លឺចែងចាំងស្រស់ស្អាត ខណៈអង្កាំដែលមានតម្លៃថោក គឺមានពណ៌ទឹកក្រូច និងពណ៌លឿង។
ដោយឡែក តាមរយៈក្រុមស៊ើបអង្កេត បានឲ្យដឹងថា នៅតំបន់ Mong La ព្រំប្រទល់ចិន-ភូមា សម្រាប់ខ្សែដៃ ឬ​​ កងដៃ ដែលបានច្នៃឡើងដោយគ្រាប់អង្កាំ ធ្វើពីស្បែកសត្វដំរីចាប់ពី ១២ទៅ១៦គ្រាប់ មានតម្លៃចន្លោះពី ៩០ ទៅ ១១៦ដុល្លារអាមេរិក។

គួរឲ្យដឹងថា រូបភាពដ៏គួរឲ្យរន្ធត់ចិត្តនេះ ត្រូវបានថតឡើងក្នុងអំឡុងពេល ប្រតិបត្តិការសម្ងាត់មួយ ដែលបានផ្តល់មូលនិធិសម្រាប់គម្រោងដោយខាង Elephant Family មានមូលដ្ឋាន​នៅចក្រភពអង់គ្លេស ក្នុងទិសដៅដើម្បីជួយសង្គ្រោះ សត្វដំរីក្នុងតំបន់អាស៊ី។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលភូមាបានដឹងរួចមកហើយក្នុងរយៈពេល ពីរបីខែកន្លងមកនេះ ដែលមានរហូតដល់ទៅ៤ករណីបានកើតឡើង ដែលទទួលបានពីប្រភពមិនច្បាស់ការមួយថា គ្រាន់តែក្នុងឆ្នាំនេះយ៉ាងហោចណាស់ ដំរីប្រមាណ ៥០ក្បាល ត្រូវបានសម្លាប់ជាហូរហែរ ពីសំណាក់ក្រុមឈ្មួញ ដើម្បីយកស្បែក​នាំចេញទៅលក់នៅចិន ដែលជាទីផ្សារមួយមានតម្រូវការខ្ពស់។
ចំនួនតួលេខគួរឲ្យខ្លាច ដែលទទួលបានពីរដ្ឋាភិបាលភូមា បានបង្ហាញឲ្យឃើញថា ការប្រម៉ាញ់សត្វដំរីក្នុងប្រទេសភូមានេះ គឺមានការកើនឡើង ២៥ភាគរយ នៅចន្លោះឆ្នាំ ២០១៣ ដល់២០១៥។ ខណៈក៏ធ្លាប់មានការរឹបអូស យកស្បែកសត្វដំរី ដែលក្រុមឈ្មួញលួចលាក់ទុក នៅភាគនិរតីនៃប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសភូមា បានជាច្រើនរយគីឡូផងដែរ។ ហើយគេជឿជាក់ថា វាគឺពិតជាទីតាំងទីផ្សារងងឹតមួយ ដែលស្តុកទុកស្បែកសត្វដំរីដ៏ធំសម្បើមមួយ នៅភូមាផងដែរ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?






ប្រភព ៖ Mail Daily
ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email