Loading...

Wednesday, September 21, 2016

មន្ត្រី រដ្ឋ ឯកជន និង​បក្ស​ផ្សេង​នាំ​គ្នា​ទិញ​អង្ករ


ភ្នំពេញៈ មន្ត្រី​នៅ​តាម​ស្ថាប័ន​រដ្ឋ​​ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​រួម​ទាំង​មកពី​គណបក្ស​ផ្សេងៗ​ផង​នោះ​​បាន​ចាប់​ផ្ដើម​បញ្ជា​ទិញ​អង្ករ​ខ្មែរ​​ជា​អ្វី​ដែល​ជា​ការ​លើក​ទឹកចិត្ត​ដល់​ប្រជាកសិករ​ឲ្យ​ផលិត​បាន​ច្រើន​ជាង​មុន​ខណៈ​ពួក​គាត់​កំពុង​បារម្ភ​ពី​ការ​ចុះ​ថោក​តម្លៃ​ស្រូវ​នា​ពេល​បច្ចុប្បន្ន​ និង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កាលពី​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​​ឲ្យ​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​ទិញ​អង្ករ​ខ្មែរ​។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កាលពី​ម្សិលមិញ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុម​ការងារ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​លោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល​លោក កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​ក្រុម​ការងារ​ឃុំ​ព្រៃស្រឡិត ស្រុក​ពារាំង ខេត្ត​ព្រៃវែង​ក៏​ដូចជា​មន្ត្រី​ក្រុម​ការងារ​គណបក្ស​ប្រជាជន ​និង​​ឧកញ៉ា​មួយ​ចំនួន​ទៀត​បាន​បញ្ជា​ទិញ​អង្ករ​សែន​ក្រអូប​សរុប​ ១០០ ​តោន​ពី​ក្រុមហ៊ុន​ FEDRICE Battambang។

អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​លោក កៅ ថាច បាន​ថ្លែង​ថា​ការ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ក្នុង​ស្រុក​បញ្ជា​ទិញ​អង្ករ​ខ្មែរ​នេះ​ជា​ការ​ជួយ​មួយ​ផ្នែក​ដល់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​ខណៈ​ដែល​តម្លៃ​អង្ករ​លើ​ទីផ្សារ​ពិភពលោក​កំពុង​ធ្លាក់​ចុះ​ដែរ​នោះ។

លោក​បន្ថែម​ថា៖ «ដោយ​ទីផ្សារ​ពិភពលោក​មិន​សូវ​ច្បាស់លាស់​ហើយ​ការ​បញ្ជា​ទិញ​វា​មាន​កំណត់​ដូច្នេះ​យើង​ត្រូវ​តែ​ជំរុញ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ដើម្បី​ស្រូប​យក​ស្រូវ​ពី​កសិករ​យើង​ដែល​ផលិត​បាន​ហើយ​នោះ»។

បើ​តាម​លោក​ កៅ ថាច គិត​ត្រឹម​មួយ​ថ្ងៃ​ម្សិលមិញ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​បាន​បញ្ជា​ទិញ​អង្ករ​ប្រហែល​ជា​ ៣០០ ទៅ​ ៤០០ ​តោន​ហើយ​តែ​លោក​ថា​តួលេខ​នេះ​មិន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ឡើយ​។

លោក​ថា​ ការ​អំពាវនាវ​ឲ្យ​មាន​ចលនា​ទិញ​អង្ករ​ខ្មែរ​នេះ​មិនមែន​​រឿង​នយោបាយ​ទេ​ដោយ​ថា​នេះ​ជា​រឿង​ខ្មែរ​ជួយ​ខ្មែរ​។

លោក ​កើត រិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​លោក​បាន​បញ្ជា​​ទិញ​អង្ករ​នេះ​សម្រាប់​ក្រុម​គ្រួសារ​លោក និង​ថា​ភាគី​ក្រុមហ៊ុន​នឹង​ដឹក​ជញ្ជូន​ជា​ដំណាក់​កាល​ៗ​សម្រាប់​ការ​បញ្ជា​ទិញ​នេះ។

លោក​ថា​ក្នុង​កាលៈទេសៈ​នេះ​ការ​បញ្ជា​ទិញ​អង្ករ​ពី​ក្រុមហ៊ុន​នេះ​​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​អង្ករ​ខ្មែរ និង​បាន​បដិសេធ​ថា​ចលនា​ទិញ​អង្ករ​ខ្មែរ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​​។

លោក​បន្ថែម​ថា៖ «កសិករ​កំពុង​ត្រូវការ​ធ្វើ​ម៉េច​លក់​ស្រូវ​គាត់​ឲ្យ​បាន​ថ្លៃ​អ៊ីចឹង​អ្នក​មាន​សន្ដាន​ចិត្ត​មិន​ថា​ខាង​ណា​ទេ​​អាច​ជួយ​កសិករ...អាច​ទិញ​ក្នុង​កម្រិត​ណា​មួយ​ជួយ​ជីវភាព​កសិករ...​រឿង​អ៊ីចឹងៗ​កុំ​យក​និន្នាការ​នយោបាយ​មក​និយាយ និន្នាការ​ណា​ក៏​អាច​ទិញ​បាន​ដែរ...​យើង​ជា​ខ្មែរ»។

បើ​តាម​លោក កើត រិទ្ធ អង្ករសែន​ក្រអូប​ដែល​លោក​បញ្ជា​ទិញ​មាន​តម្លៃ​ជាង​ ៥០០ ​ដុល្លារ​ក្នុង​មួយ​តោន​ដោយ​គិត​ទាំង​ថ្លៃ​ដឹក​ជញ្ជូន​ផង។

អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​លោក រស់ សីលវ៉ា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ពី​ម្សិលមិញ​ដែរ​ថា​ការ​បញ្ជា​ទិញ​នេះ​គឺជា​ការ​រួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​កសិករ។

លោក​បន្ថែម​ថា៖ «ស្អី​ដែល​យើង​ប្រឹង​គឺ​ដើម្បី​លូតលាស់​ដោះស្រាយ​បញ្ហា ខ្ញុំ​អត់​ដឹង​ថា​វា​ជា​នយោបាយ​ ឬ​មិន​នយោបាយ​ទេ...យើង​នាំ​គ្នា​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រសើរ​ជាង​...ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​...យើង​ធ្វើ​ក្នុង​ឆន្ទៈ​ល្អ​ហើយ»។

មេការ​ក្រុមហ៊ុន​អង្ករ FEDRICE លោក ជី វ័ន្ត ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្នុង​មួយ​ថ្ងៃ​ម្សិលមិញ​តួលេខ​បឋម​ដែល​លោក​មាន​គឺ​ការ​បញ្ជា​ទិញ​អង្ករសែន​ក្រអូប​ពី​ក្រុមហ៊ុន​លោក​មាន​ចំនួន​ ១០០ ​តោន​ដែល​លោក​ថា​ចំនួន​នេះ​ក្រុមហ៊ុន​លោក​អាច​ទិញ​ស្រូវ​ពី​កសិករ​បាន​ ៣០០ ​តោន។

លោក​ថា ​អង្ករ​សែន​ក្រអូប​មាន​តម្លៃ​ ៥៣០ ​ទៅ​ ៥៤០ ​ដុល្លារ​ក្នុង​មួយ​តោន​ដោយ​គិត​ទាំង​ថ្លៃ​ដឹក​ជញ្ជូន​ដល់​ទីក្រុង​ភ្នំពេញ។ ដោយ​ឡែក​លោក​ថា​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ប្រហែល​ជា​ ៨៦ ​ម៉ឺន​រៀល​ក្នុង​មួយ​តោន​។

លោក​បន្ត​ថា​ចលនា​នេះ​ជា​ការ​រួម​ចំណែក​មួយ​ដល់​កសិករ​ក្នុង​ការ​លក់​ផលិតផល​ដែល​គាត់​ផលិត​បាន។

ទោះ​យ៉ាង​ណា​លោក​ថា​ដើម្បី​ជួយ​កសិករ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​រដ្ឋាភិបាល​ត្រូវ​ព្យាយាម​​បន្ថែម​ទៀត​ក្នុង​ការ​ស្វែងរក​ទីផ្សារ​អន្តរជាតិ​សម្រាប់​នាំ​អង្ករ​ចេញ និង​សម្រួល​ឲ្យ​មាន​ការ​ផ្តល់​ឥណទាន​ដែល​មាន​ការ​ប្រាក់​អនុគ្រោះ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​ជាដើម។

លោក​បន្ថែម​ថា៖ «លុះត្រា​ទីផ្សារ​កុម្ម៉ង់​ច្រើន​ជាពិសេស​ទីផ្សារ​អន្តរជាតិ​ខ្ញុំ​សង្ឃឹម​ថា​នៅ​រយៈពេល​ខាង​មុខ​នេះ​រដ្ឋាភិបាល​អាច​បើក​ទីផ្សារ​អន្តរជាតិ​បាន...ទើប​យើង​ជួយ​ពលរដ្ឋ​បាន​ជា​ប្រព័ន្ធ​តែ​ម្តង»។

ភ្លាមៗ​ក្រោយ​មាន​មន្ត្រី​រដ្ឋាភិបាល និង​ឧកញ៉ា​មួយ​ចំនួន​បាន​បញ្ជា​ទិញ​អង្ករ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​សរសើរ​អ្នក​ទាំង​នោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ជាមួយ​គ្នា​ដែរ​ព្រម​ទាំង​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ចូលរួម​ក្នុង​ចលនា​នេះ​ឲ្យ​បាន​​កាន់តែ​ច្រើន។

ជាមួយ​គ្នា​នេះ​ដែរ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ក៏​បាន​ប្រកាស​ជួយ​ទិញ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ដោយ​មាន​ការ​ប្រមូល​ទុន​ពី​អ្នក​ធ្លាប់​រៀន​ជាមួយ​គ្នា និង​យុវជន​មួយ​ចំនួន​ទៀត។

ទាក់ទិន​នឹង​តម្លៃ​ស្រូវ​ចុះ​ថោក​ក្នុង​រដូវ​ប្រមូលផល​នេះ​កាលពី​ថ្ងៃ​អាទិត្យ​ប្រជាកសិករ​ប្រមាណ ២០០០ នាក់​នៅ​ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​នាំ​គ្នា​ដឹក​ស្រូវ​យក​មក​ចាក់​ចោល​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៥ ដែល​ជា​ចលនា​មួយ​ធ្វើឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ខណៈ​ដែល​រដ្ឋាភិបាល​បញ្ចេញ​ថវិកា ២៧ លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ៕

ប្រភព៖ Khmer Post

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email