loading...
Loading...

Thursday, September 29, 2016

ត្រី​គល់រាំង​ទម្ងន់​ជាង ១០០គីឡូ ​ដែលប្រជានេសាទ​ខេត្ត​ពោធិ៍សាត់ចាប់ពីម្សិលមិញ ត្រូវបានដោះ​លែង​វិញហើយ!

loading...

Loading...

ខេត្តពោធិ៍សាត់ៈ ប្រជានេសាទ​ និង​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់​បាន​នាំ​គ្នា​យក​ត្រី​គល់រាំង​ដ៏ធំ​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ជាង​ ១០០ ​គីឡូក្រាម​ទៅ​លែង​នៅ​តំបន់​​ខ្សែ​ទឹក​ខាង​ក្រៅ​ក្នុង​ផ្ទៃ​បឹង​ទន្លេ​សាប​បន្ទាប់ពី​ត្រី​មេពូជ​មួយ​ក្បាល​នោះ​បាន​ជាប់​មង​ប្រជានេសាទ​ខ្មែរ​ម្នាក់​នៅ​ទន្លេសាប​ក្នុង​ឃុំ​កំពង់ហ្លូង​កាលពី​រសៀល​ថ្ងៃ​អង្គារ។

លោក សុង លី មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា​ប្រជានេសាទ​ដែល​​ចាប់​បាន​​ត្រី​មេពូជ​ដ៏ធំ​មួយ​ក្បាល​ហើយ​​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ​ឈ្មោះ​ យន់ គន្ធា ​អាយុ​ ៣៦ ​ឆ្នាំ​រស់​នៅ​ភូមិ-ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​បាន​បញ្ជាក់​ថា៖ «ត្រី​គល់រាំង​ជា​ប្រភេទ​ត្រី​ទឹកសាប​ដ៏កម្រ​ និង​ជិត​ផុត​ពូជ។ យើង​រីករាយ​ខ្លាំង​ណាស់​ដែល​ប្រជានេសាទ​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​យល់​ដឹង​ខ្ពស់​ពី​ប្រយោជន៍​នៃ​ប្រភេទ​ត្រី​ដ៏កម្រ​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ថែរក្សា និង​អភិរក្ស​ប្រភេទ​ត្រី​ពូជ​ដ៏កម្រ​នេះ»។

ជាមួយ​គ្នា​នេះ​លោក​ យន់ គន្ធា ដែល​ជា​អ្នក​នេសាទ​បាន​ត្រី​មេពូជ​ដ៏កម្រ​មួយ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​រសៀល​ថ្ងៃ​អង្គារ​គាត់​បាន​ចេញ​ទូក​ទៅ​រាយ​មង​ក្រឡា​ធំ​​នៅ​ក្នុង​តំបន់​ខាង​លើ។ ក្រោយ​ពី​រាយមង​បណ្ដែត​ទឹក​រួច​គាត់​បាន​អុំ​ទូក​ស្រាវ​មង​មក​លើ​ទូក​ដើម្បី​ដោះ​ត្រី​ដែល​ជាប់​មង​របស់​គាត់។

លោក គន្ធា បញ្ជាក់​ថា៖ ​«​ពេល​ដែល​កំពុង​ស្រាវ​មង​ដោះ​ត្រី​នោះ​ក៏​ស្រាប់​តែ​ឃើញ​មង​ដាច់​រហែក​យ៉ាង​ធំ។ ខ្ញុំ​មាន​ការ​ចម្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ហើយ​គិត​ថា​ប្រហែល​​ជាប់​គល់​ឈើ​លុះ​ដល់​ខ្ញុំ​សាវា​ឡើង​​ក៏​ប្រទះ​ឃើញ​ត្រី​គល់រាំង​ដ៏​ធំ​មួយ​ក្បាល​នេះ​ជាប់​មង​របស់​ខ្ញុំ​ហើយ​ត្រី​នោះ​ធ្វើ​មាត់​ម្ហបៗ​ដាក់​ខ្ញុំ​ទៀត​ផង​​»។

លោក​ គន្ធា ​បាន​បន្ត​ថា៖ ​«នៅ​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​អរ​ផង​ ភ័យ​ផង ព្រោះ​វា​ធំ​ពេក​ដែល​ខ្ញុំ​មិន​ធ្លាប់​​ឃើញ​កាល​ពី​មុន​មក​ទេ»​។ លោក​ថា​ទម្ងន់​វា​ជាង​ ១០០ ​គីឡូ​ក្រាម​ឯណោះ។

លោក​បាន​បន្ត​ថា​ភ្លាមៗ​នោះ​គាត់​ក៏​ប្រញាប់​ទូរស័ព្ទ​ប្រាប់​ទៅ​អាជ្ញាធរ​ដែនដី​ និង​មន្ត្រី​ជលផល​ដើម្បី​ចុះ​មក​ពិនិត្យ និង​នាំ​យក​ត្រី​មេពូជ​ដ៏ធំ​នោះ​ទៅ​លែង​ក្នុង​ផ្ទៃបឹង​វិញ៕




ប្រភព៖ ភ្នំពេញប៉ុស្ដិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email