Loading...

Sunday, October 2, 2016

ភ្ជុំ​ឆ្នាំ​នេះ ​សុខ ពិសី​ បញ្ចេញ​ស្នា​ដៃ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​បាន​ ១១ ​វត្ត​


សិល្បៈ ៖ ធ្វើ​បទសម្ភាស​ជា​មួយ​លោក ​តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​ kqube.net ​មុន​នេះ​បន្តិច​តារា​ចម្រៀង ​សុខ ពិសី ​បាន​ប្រាប់​ថា ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​នាង​បាន​នាំ​យក​ចង្ហាន់​ និង​សម្ភារ​ផ្សេង​ៗ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​តាំង​ពី​បិណ្ឌ​ទី​០១​ រហូត​ដល់​ថ្ងៃ​ភ្ជុំ​ធំ​បាន​ចំនួន​ ១១​វត្ត​ មាន​ដូច​ជា ​វត្ត​នាគវ័ន្ត​  វត្ត​ស្វាយ​ពពែ ​ វត្ត​មហា​មន្ត្រី​ វត្ត​ទួលទំពួង​ វត្ត​ជង្រុក ​វត្ត​ក្របៅ ​វត្ត​ព្រះពុទ្ធ​ វត្ត​ចិន​ដំដែក ​វត្ត​ស្រះចក​ វត្ត​អង្គការ​ និង ​វត្ត​កៀន​ឃ្លាំង។​

សុខ ​ពិសី ​បន្ត​ថា​ ការ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆ្នាំ​នេះ​នាង​ជា​អ្នក​ធ្វើ​ឡើង​ផ្ទាល់ដៃ​ គ្រាន់​តែ​មាន​ចុងភៅ​ចាំ​ជួយ​ចិត​បន្លែ​ និង​ហាន់​ សាច់​តែ​ប៉ុណ្ណោះ ​ហើយ​មូលហេតុ​ដែល​នាង​ធ្វើ​បាយ​ម្ហូប​ដោយ​ខ្លួន​ឯង​ដូច្នេះ​ ព្រោះ​នាង​ចង់​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​វេរ​អាហារ​ទាំង​នេះ​ទៅ​ជួន​ម្ដាយ​ និង​សាច់​ញាតិ​ជា​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់​។ សុខ ពិសី ​បន្ត​ថា ​នាង​ចេះ​ធ្វើ​ម្ហូប​តាំង​ពី​ជំទង់​មក​ម្ល៉េះ​ គឺ​ម៉ាក់​របស់​នាង​ជា​អ្នក​បង្រៀន​ ហើយ​ពេល​នាង​ធ្វើ​ចុងភៅ​ម្ដងៗ​ម្ដាយ​នាង​ញ៉ាំ​បាន​ច្រើន​ នឹង​បាន​បង្ហាញ​ភាព​សប្បាយ​ចិត្ត​ឱ្យ​នាង​បាន​ឃើញ​ ខណៈ​ដែល​គាត់​បាន​ភ្លក់​រសជាតិ​ស្នាដៃ​កូន​ស្រី​ធ្វើ​ផ្ទាល់​ដៃ​ ដូច្នេះ​ហើយ​ទើប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆ្នាំ​នេះ​ និង​ពេល​ពីមុន​ៗ​មក​​នាង​ធ្វើ​ផ្ទាល់​ដៃ​គ្រប់​ពេល​ គឺ​នាង​ចង់​ឱ្យ​ម្ដាយ​ទទួល​យក​អានិសង្ស​ដែល​នាង​បាន​ធ្វើ​ទាំង​ក្ដី​រីករាយ​។

​សុខ​ ពិសី ​បន្ត​ថា​ ពេល​ធម្មតា​នាង​មិន​សូវ​មាន​ពេល​ចូល​ផ្ទះ​បាយ​ធ្វើ​ម្ហូប​ទេ​ ព្រោះ​ជាប់​រវល់​ការងារ​ច្រើន​ ដូច្នេះ​ហើយ​ការងារ​នេះ​ គឺ​នៅ​លើ​ចុងភៅ​ភាគ​ច្រើន ​តែ​ការ​ធ្វើ​ចង្ហាន់​ក្នុង​ពិធី​បុណ្យភ្ជុំបិណ្ឌ​នាង​គិត​ថា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​កូន​ចៅ​គ្រប់​រូប​ ដែល​ចង់​ធ្វើ​បាយ​ម្ហូប​ប្រគេន​ព្រះសង្ឃ​វេរ​ ទៅ​ឱ្យ​បុព្វការី​ដែល​បាន​ចែកឋាន​។ តារា​រូប​នេះ​បន្ត​ថា​ នាង​ធ្វើ​ដូច្នេះ​ជីដូន​ជីតា​ ញាតិកា​ដែល​ចែកឋាន​ប្រាកដ​ជា​សប្បាយចិត្ត​ទទួល​យក​ ឧទាហរណ៍​ជាក់ស្ដែង​ដូច​ម៉ាក់​នាង​កាល​គាត់​នៅ​ជុំ​គ្រួសារ​គាត់​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​នាង​ធ្វើ​ផ្ទាល់​ដៃ ​ ដូច្នេះ​ហើយ​នាង​ជឿ​ថា​ទោះ​ជា​គាត់​បាន​លាចាក​លោក​ តែ​ដួងវិញ្ញាណ​គាត់​តែ​សប្បាយ​ចិត្ត​ពេល​ដែល​ទទួល​បាន​អាហារ​ដែល​កូន​ធ្វើ​ផ្ទាល់​ដៃ​ឧទ្ទិស​បញ្ជូន​តាម​រយៈ​ព្រះសង្ឃ​៕​









ប្រភព៖ Kqube.net
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email