Loading...

Wednesday, October 5, 2016

ភ្លក្ស​សាវម៉ាវ​ព្រៃ ៥ ឆ្នាំ​ផ្លែ​ម្ដងពី​ព្រៃ​សហគមន៍​ខេត្ដ​សៀមរាប


សៀមរាប: ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅកាន់​ប្រាសាទ​បេង​មាលា ពើង​គំនូរ​ កោះ​កេរ ឬ​ខេត្ដ​ព្រះវិហារ​ពីផ្លូវ​បំបែក​ត្រង់​ចំណុច​ផ្សារ​ដំដែក​នឹង​ប្រទះ​ឃើញ​ផ្លែ​ឈើព្រៃ​ពណ៌​លឿង ព្រឿង​ៗ និង​ក្រហម​ទុំព្យួរ​រណេង​រណោង​ប្រប​តាម​សង​ខាង​ផ្លូវគួរ​ឲ្យគយ​គន់ និង​ចង់សាក​ភ្លក្ស​រសជាតិ​របស់​វា​ថាតើ​វាមាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ដូចរូប​ឆោម​ពណ៌​ដែរ​ឬទេ?

ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ត្រាយ​ប៉ូក ​ឃុំ​ពពេល ស្រុក​សូទ្រ​និគម ខេត្ដ​សៀមរាប ប្រជា​ពលរដ្ឋ​ដាក់​តាំង​លក់​ផ្លែ​ឈើ​ព្រៃ​ប៉ុន្មាន​ប្រភេទ​ជាហូរ​ហែ​អមសង​ខាង​ផ្លូវ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ធ្វើ​ដំណើរ ឆ្លង​កាត់​ដែល​មាន​បំណង​ឆៀង​ចូល​ភ្លក្ស​រសជាតិ​ ជាពិសេស​ផ្លែ​សាវ​ម៉ាវព្រៃ​ ៥ ឆ្នាំទើប​ហុច​ផលម្ដង។

សណ្ឋាន​ដូចជា​ផ្លែ​សាវម៉ាវ​ធម្មតា​ ដែល​គ្រាន់តែ​មាន​រូបរាង​តូច​ជាង​និង​ពណ៌​រាង​លឿង​ខ្ចី ផ្លែសាវម៉ាវ​ព្រៃ​ហាក់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ធ្វើដំណើរ​ឆ្លង​កាត់​ច្រើន​ជាង​បណ្ដាផ្លែ​ឈើ​ដទៃ​។ ប្លែក​ពី​សាវម៉ាវ​ស្រុក​ វាមាន​គ្រាប់​ធំ​ សម្បក​ស្ដើង​ រសជាតិ ជូរ និង​ចត់ចុង​មាត់​។

កញ្ញា រ៉ាទី ជា​អ្នក​លក់​ផ្លែឈើ​ព្រៃ និង​ពោត​ស្ងោរ​ក្នុងឃុំ​ពពេល​ បាន​ប្រាប់​ថា៖ «ផ្លែ​សាវម៉ាវ​នេះមិន​មែន​ផ្ដល់​ផល​រៀង​រាល់ឆ្នាំ​នោះទេ​។ វាផ្លែ​ម្ដង​ រួចខាន​ហុច​ផល​ពី ៤ ទៅ ៥ ឆ្នាំ​ក្រោយ​ទៀត។ ប្រសិន​បើព្រៃ​ឈើ​ក្នុង​សហគមន៍ ពពេល​ត្រូវបាន​កាប់​បំផ្លាញ​អស់ ជម្រក​ដើម​វល្លិ​សាវម៉ាវ​ក៏​ត្រូវបាត់​បង់​ដែរ​»។

​អ្នកស្រី ផល ជា​អ្នក​លក់ផ្លែ​ឈើ​ព្រៃ​​ដែលស្វាមី​ជាអ្នក​រុករក​ពីព្រៃ​សហគមន៍​នៅចម្ងាយ​ប្រមាណ ១ គីឡូម៉ែត្រ​ពីកញ្ញា រ៉ាទី។ ផា លីណា
ក្រៅពី​ផ្លែសាវ​ម៉ាវព្រៃ កញ្ញា​ញញឹម​ស្រស់​រូប​នេះ ក៏​លក់​ផ្លែ​កោន​សណ្ឋាន​ដូច​ជា​ក្រលៀន​ជ្រូកប៉ុន​ក​ដៃក្មេង​ពណ៌​​លឿង​ សាច់​ហ្មត់​ល្មួត និង​មាន​រសជាតិ​ផ្អែម ព្រមទាំង​ផ្លែ​ទ្រៀល​ពណ៌​ក្រហម​ទុំគួរ​ឲ្យ​ជញ្ជក់​ខាំ​ តែ​រសជាតិ​ជូរ​មិន​ចាញ់​ក្រូច​ឆ្មា​រឡើយ​។ អ្នក​លក់ផ្លែ​ឈើ​ព្រៃតាម​រដូវ​រូប​នេះ បាន​បន្ដ​ថា​ ផ្លែ​សាវម៉ាវ​ព្រៃ ផ្លែ​កោន និង​ផ្លែ​ទ្រៀល ចាប់​ផ្ដើម​ហុច​ផល​សម្បូរ​ខ្លាំង​​ពីខែ​កញ្ញា​ទៅ​តុលា​។

បងស្រី​ ផល ជា​អ្នក​លក់​ផ្លែ​ឈើ​ព្រៃ​ និង​ដំឡូង​ទៀន​ម្នាក់​ទៀត បាន​ប្រាប់ឲ្យ​ដឹងថា៖ «​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ ផ្លែ​ឈើ​ព្រៃ​ទាំងនោះ​ចេញ​ផ្លែ​ច្រើន​ណាស់​នៅ​ក្នុងព្រៃ​សហគមន៍​ពពេល​។ គ្រួសារ​ខ្ញុំគាត់​ចូល​ព្រៃ​ដើររក​បេះ​ផ្ទាល់​ ថ្មី​ៗ​ស្រស់​ៗ​ ខុសពី​អ្នក​លក់​ខ្លះ​ទៀត​គាត់​ទិញពី​ផ្សារ​មក​លក់​បន្ដ​ ដែល​មិន​សូវ​ស្រស់​នោះទេ»។

ផ្លែ​សាវម៉ាវ​ព្រៃ​មួយ​ចង្កោម​ទម្ងន់​ប្រមា​ណ ១ គីឡូក្រាម​តម្លៃ ៣០០០ រៀល។​ ផ្លែ​កោន​តម្លៃ​ ៣០០០ រៀល​ក្នុងមួយ​ចង្កោម និង​ផ្លែ​ទ្រៀល​តម្លៃ ២០០០​ រៀល​ក្នុង​មួយ​ចង្កោម ដែល​ពី ២ ទៅ ៣ ឆ្នាំ​ទើប​ចេញ​ផ្លែ​ម្ដង​ដែរ។

គួរ​បញ្ជាក់ថា អ្នក​ដំណើរ​ឆ្លង​កាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ខេត្ដ​កំពង់​ធំ​ក៏អាច​ប្រទះ​ឃើញ​ផ្លែ​សាវម៉ាវ​ព្រៃ​ត្រូវបាន​ដាក់​លក់​លើ​កញ្រែ្ចង​ល្អី​ដែល​មាន​តម្លៃ ៣០០០ រៀល​ក្នុងមួយ​ចង្កោម​ផងដែរ​។ ក្រៅពី​នេះ នៅ​ក្នុង​បរិវេណ​តំបន់​ប្រាសាទ​នៃខេត្ដ​សៀមរាប អ្នក​ភូមិ​ក៏បាន​ដាក់​លក់​ផ្លែ​ឈើ​មួយ​ចំនួន ដូចជា ទ្រៀល កោន និង​ទំពាំង​បាយជូរ​ព្រៃ​ជា​ហូរហែ​៕



ប្រភព៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email