loading...
Loading...

Wednesday, October 5, 2016

ការ​ប្រកួត​កីឡា​ប្រពៃ​ណីនៅ​វិហារ​សួគ៌ កំពុង​តែមាន​វិបត្តិ

loading...

Loading...

ភ្នំពេញៈ ការ​ធ្លាក់​ចុះនូវ​ចំនួន​ក្របី ក្នុងការ​ប្រកួត​កីឡា​ប្រពៃ​ណី នៅ​វិហារ​សួគ៌ ដែល​នឹង​ត្រូវ​ធ្វើនៅ​ក្នុងថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ នា​ថ្ងៃទី១ ខែតុលា ខាង​មុខនេះ វា​កំពុង​តែធ្វើ​ឲ្យ​ប្រធាន​គ្រប់គ្រង​ការ​ប្រកួត​នេះ មាន​ការ​បារម្ភខ្លាច​កីឡា​ប្រពៃ​ណី​ដ៏ផូរផង់ ដែល​បាន​បន្សល់​ទុកពី​ជីដូន​ជីតា​រាប់​រយ​ឆ្នាំមក​ហើយ​នេះ ត្រូវ​រលាយ​បាត់​ទៅវិញ ខណៈ​ស្ថាប័ន​ពាក់​ព័ន្ធ​ ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ហាក់​ព្រងើយ​កន្តើយ ក្នុងការ​ចូលរួម​សកម្មភាព​ប្រកួត​នេះ​នោះ។

លោក ថែ ថាំង ប្រធាន​គ្រប់គ្រង​ការ​ប្រកួត​កីឡា​ប្រពៃណី នៅ​វិហារ​សួគ៌ បាន​ប្រាប់​ថា៖ «ការ​ប្រកួត​កីឡា​ប្រពៃណី​មាន​ប្រណាំង​សេះ ក្របី គុនដំបង ចំបាប់ និង​ល្បុក្កតោ យើង​នៅ​តែធ្វើ​ក្នុងថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ​នៅឆ្នាំ​នេះ ប៉ុន្តែ​ការ​ធ្លាក់ចុះ​ចំនួន​ក្របី វា​កំពុងតែ​ធ្វើឲ្យ​យើង​មានការ​បារម្ភ ពីព្រោះ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​ចូលរួម​ការ​ប្រកួត​កីឡា​ប្រពៃណី​នេះ គឺពួក​គាត់​ផ្តោត​ខ្លាំង​ទៅលើ​ការប្រណាំង​ក្របី តែនៅ​ពេល​ចំនួន​ក្របី ចេះ​តែមាន​ការធ្លាក់​ចុះបែប​នេះ គឺ​ខ្ញុំបារម្ភ​ខ្លាច​កីឡា​ប្រពៃណី ជា​ទំនៀម​ទម្លាប់ វប្បធម៌​របស់​យើង​ត្រូវរលាយ​បាត់»។

ចំពោះ​ការ​ប្រកួត​កីឡា​ប្រពៃណី ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ កាលពី ៣ ទៅ ៤ ឆ្នាំ​មុន មាន​ការ​ប្រណាំង​ក្របី​រហូត​ជាង ៣០ គូ ប៉ុន្តែ​ចំនួន​ក្របី ចុះ​តែមាន​ការ​ធ្លាក់ចុះ​ជាបន្ត​បន្ទាប់ ខណៈ​នៅ​ឆ្នាំនេះ​មាន​ក្របីចូល​រួមតែ ១០ គូទេ។ ចំណែក​សេះ​បាន​កើត​ដល់​ជាង ២៧ គូ ឯគុន​ដំបង មាន ៥ គូ ចំបាប់​មាន ៣៥ គូ និង​ប្រកួត​ល្បុក្ក​តោមាន ៤ គូ។

ជុំវិញ​បញ្ហានេះ ​លោក ថែ ថាំង ​បញ្ជាក់​ថា៖ «ការ​ធ្លាក់ចុះ​ចំនួន​ក្របី​នេះ ដោយ​សារ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំនៅ​តំបន់​នេះ បាន​ប្តូរ​ពីការ​ប្រើ​ក្របី ក្នុងការ​ភ្ជួរស្រែ​ចម្ការ​មកប្រើ​គោយន្ត ជំនួស​វិញ​ម្តង។ វា​នៅតែ​មានអ្នក​ចិញ្ចើម​ក្របី​ច្រើន​ដែរ តែ​គេមិន​សូវ​ប្រើគឺ​ចិញ្ចើម​ធ្វើ​ជា​បា ឬ​កាប់​យក​សាច់ ហេតុនេះ​នៅឆ្នាំ​ក្រោយៗ យើងចង់​ទិញ​ក្របី​មកឲ្យ​គេជួយ​ចិញ្ចើម​អភិរក្ស​ទុកក​ន្លែង​ណា​១ សម្រាប់​ការ​ប្រកួត​នេះ ព្រោះ​ខ្ញុំ​ពិតជា​ខ្លាច និង​បារម្ភ​ខ្លាំងទៅ​លើ​ការ​បាត់បង់​កេរមរតក​របស់​ដូនតា ខណៈ​ប្រទេស​ជិត​ខាង​កំពុង​ចម្លង​ពី​យើង ពិសេស​ថៃ ដូច្នេះ​ខ្ញុំខ្លាច​ការ​ព្យាយាម​រាប់​រយ​ឆ្នាំតៗ​គ្នាមក​នេះ បែរ​ជា​ចុង​ក្រោយ​ត្រូវ​គេលួច​របស់​យើង ទៅ​ធ្វើ​ជា​របស់គេ​ទៀត»។

នៅត្រង់​ចំណុច​នេះលោក ថែ ថាំង ដែលជា​មេភូមិ​ផង​នោះ បាន​សង្កត់​ធ្ងន់ថា៖ «វប្បធម៌​របស់​យើងមាន​ហើយ តែ​យើង​អត់មាន​គំនិត! គេអត់​មានកីឡា​បែប​វប្បធម៌​ទំនៀម​ទម្លាប់​ដូចយើង​ទេ តែគេ​មាន​គំនិត អ៊ីចឹង​នៅ​ពេល​យើង​ដួលរលំ គេ​នឹង​កើប​យក​របស់​យើង​ភ្លាម»។

នៅពេល​សួរបញ្ជាក់​ពី​គម្រោង​នៃការ​ការ​អភិរក្ស​សត្វ​ក្របី ក៏​ដូចជា​ការ​ថែ​រក្សា​ការប្រកួត​កីឡា​ប្រពៃណី​នេះឲ្យ​បាន​គង់​វង្ស​នោះ លោក ថែ ថាំង ​បានដក​ដង្ហើម​ធំ និងបាន​និយាយ​បែប​អស់​សង្ឃឹម​ថា៖ «សព្វថ្ងៃ​នេះ​មាន​តែក្រុម​ខ្ញុំ និង​ព្រះចៅ​អធិការ​វត្ត​វិហារ​សួគ៌ទេ ដែល​បាន​ខ្នះខ្នែង​ និង​បារម្ភខ្លាំង​ទៅ​លើការ​បាត់បង់​កីឡា​ប្រពៃណី​នេះ ចំណែក​មេឃុំ អភិបាល​ស្រុក បាន​ជួយ​ជំរុញ និងលើក​ទឹក​ចិត្ត​ឲ្យ​ពួកខ្ញុំ​បន្តរៀបចំ​កម្មវិធី​នេះ ប៉ុន្តែ​ខាង​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រឹមមក​សួរនាំ​យក​ព័ត៌មាន​ពីការ​ប្រកួត​នេះពី​ពួក​ខ្ញុំទេ ​តែអត់​ដែល​មាន​គំនិត​អីជួយ​ទៅលើការ​បាត់​បង់ និង​អភិរក្សអ្វី​នោះ​ទេ។ ប៉ុន្តែ​ក៏អាច​ជា​កំហុស​របស់​ខ្ញុំ​ដែរ ដោយសារ​ខ្ញុំមិន​ធ្លាប់​បាន​ស្នើជា​ផ្លូវការ​ទៅ​ក្រសួង​ដោយ​ផ្ទាល់។ យ៉ាង​ណា​ក៏ដោយ យើងត្រូវ​តែ​ជួយ​គ្នា ដើម្បី​ថែរក្សា​មរតក​ដ៏​មាន​តម្លៃ​នេះ»។

បើតាម​កម្ម​វិធី​នេះ​ការ​ប្រកួត នា​ថ្ងៃទី ១ ខែតុលា​នោះ គឺ​ចាប់​ពីម៉ោង ៧ ព្រឹក ដល់​ម៉ោង​៩ មានការ​ប្រណាំង​ក្របី និង​សេះ ហើយ​ពី​ម៉ោង​៩ ដល់​ម៉ោង​១ ​ប្រកួត​ចំបាប់ គុនដំបង និង​ប្រកួត​ល្បុក្កតោ ខណៈ​ពីម៉ោង ១ ទៅ គឺមាន​ការ​លេង​ល្បែង​ប្រជា​ប្រិយ​របស់ខ្មែរ​រហូត​ដល់​ពេលល្ងាច៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email