Loading...

Wednesday, October 5, 2016

ការ​ទទួល​មាតិកា​ផ្សាយ​ពាណិជ្ជ​កម្ម​តាម Facebook នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់


ភ្នំពេញៈ របាយ​ការ​ណ៍ថ្មី​មួយ​ចេញ​ដោយ Kantar TNS ជា​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ពិភព​លោក​បាន​បង្ហាញ​ថា ​កម្ពុជា​មាន​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក​សម្រាប់​ភាព​អាច​ទទួល​បាន​មាតិកា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម និង​យីហោ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​។

របាយ​ការណ៍ ដែល​មាន​ចំណង​ជើង​ថា «ការ​តភ្ជាប់​ជីវិត»​ ឲ្យដឹងថា ​ប្រ​ជាជន ៥៩ ភាគរយ​បង្ហាញ​ការ​ឆ្លើយតប​វិជ្ជមាន​ក្នុង​ការអាន និងការ​មើល​មាតិកាពី​យីហោ​ជាច្រើន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ខណៈ ៦១ ភាគរយ​មាន​បំណង​ចំហ​ក្នុងការ​ចែក​រំលែក​មាតិកា​យីហោ​បើការ​លើក​ទឹក​ចិត្ត​ត្រឹមត្រូវ ដូចជា​ការ​បញ្ចុះ​តម្លៃ ឬរង្វាន់។​

របាយ​ការណ៍​បង្ហាញ​ថា៖ «នៅក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍ ដូចជា​កម្ពុជា ដែល​ហ្វេសប៊ុក និង​ទូរស័ព្ទ​ចល័ត​គ្រប​ដណ្ដប់​លើការ​ប្រើប្រាស់​អ៊ិនធឺណិត​ ប្រជាជន​ភាគ​ច្រើន​ទំនង​ជានឹង​ស្វែងរក​ការចូល​រួម​ជាមួយ​យីហោ​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​»។​​

លើសពី​នេះ​ ខណៈ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ហ្វេស​ប៊ុក​បាន​ក្លាយ​កាន់តែ​ទំនើប​តាម​រយៈ​ការ​ប្រើ​ប្រាស់ការ​ណែនាំ​តាម​របៀប​គណិត​វិទ្យា​ដែល​កំណត់​ទិសដៅ​ឥរិយាបថ​អ្នកប្រើ​ប្រាស់​ ជម្រើស​នៃ​ការទិញ និង​ចំណង់​ចំណូល​ចិត្តការ​ស្វែងរក​ ​ប្រជាជន​កម្ពុជា​បានទ​ទួលពិន្ទុ​ទាប​ជាង​មធ្យម​ភាគ​លើ​ពិភពលោក​ក្នុងការ​យល់​ដឹង​អំពីការ​តាម​ដាន​ឌីជីថល​ ដោយ​មានតែ ២២ ភាគរយ​ប៉ុណ្ណោះ​ដែល​កំពុង​តាម​ដាន​យីហោ​យ៉ាង​សកម្ម​។​

លោក​ស្រី​ Lorena Banares ជំនួយ​ការ​ព្រឹទ្ធបុរស​ផ្នែក​មុខវិជ្ជា​ទំនាក់​ទំនង​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ដ្រ​ ​បាន​ឲ្យដឹង​ថា ដោយ​សារតែ​ការរីក​រាលដាល​ខ្លាំង​នៃហ្វេស​ប៊ុក វា​មិនមាន​ការ​ភ្ញាក់ផ្អើល​ដែល​ប្រជាជន​កម្ពុជា​មិនបាន​យល់​ដឹង​ពីទិស​ដៅនៃការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្មនោះ។

លោក​ស្រី​ថ្លែងថា៖ «​ដរាបណា​​អតិថិជន​មាន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​អ៊ីនធឺណិត​ ហើយនៅ​ក្នុង​ប្រទេស​កម្ពុជា​អ៊ីន​ធឺណិត​គឺ​ហ្វេស​ប៊ុក ​ដែល​ភាគច្រើន​ពួកគេ​មិនដឹង​ថា ពួកគេ​កំពុង​ត្រូវ​បានគេ​​កំណត់​ជាទិស​ដៅ​នោះទេ»។​

ប៉ុន្តែ​លោក​ស្រីបញ្ជាក់​ថា៖ «​នេះ​មិនមែន​ជារឿង​មិនល្អ​នោះ​ទេ​» ខណៈ​ទិស​ដៅនៃ​ការ​ផ្សព្វផ្សាយ​មាន «​ទំនាក់​ទំនង​ទៅ​វិញ​ទៅមក»​ កាន់តែ​ច្រើន ​និង​អាច​ទំនាក់​ទំនង​ជាមួយ​អតិថិជន​។​

លោក​ស្រី​បញ្ជាក់​ថា​៖ «​គំរូមា​តិកា​ដែល​ឧបត្ថម្ភ​ និង​យីហោ​គឺជា​អ្វីដែល​ក្រុម​ហ៊ុនជា​ច្រើន​គួរតែ​ប្រើ​ប្រាស់​ជា​សំខាន់ ប៉ុន្តែ​សារ​ត្រូវតែ​ជាការ​ណែនាំ​អតិ​ថិជន​ និង​មាន​ផល​ប៉ះពាល់​វិជ្ជមាន»។

លោកស្រី​បន្ថែមថា វា​មិនមែន​គ្រាន់តែ​និយាយ​អំពី​ការ​ទទួល​បាន​ «ការចុច​» ច្រើន​នោះ​ទេ។ លោក​ Tomas ​Pokorny ទី​ប្រឹក្សា​នៅ​ WorldBridgE Commerce​ ជា​ក្រុម​ហ៊ុន​ក្នុងស្រុក​ដែល​បានចាប់​ផ្ដើម​ដំណើរ​ការ​ផ្សារ​ទំនើប​ MAIO Mall ​អនឡាញ ​បាន​ពន្យល់​ជា​ទូទៅ​ពី​ប្រព័ន្ធ​ហ្វេសប៊ុក​ដែល​បាន​ផ្ដល់​លទ្ធភាព​ងាយ​ស្រួល​បំផុត​សម្រាប់​ការចូ​ល​របស់​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ បទ​ពិសោធ​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ជាច្រើន​មិនគួរ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ជ្រុល​ បើមិន​អ៊ីចឹងទេ​ពួកគេ​នឹង​មិនត្រូវ​ចាត់​ទុកថា​គួរ​ឲ្យទុកចិត្ត​បាន​នោះទេ​។

លោក​ថ្លែងថា៖ «វាងាយ​ស្រួល​សម្រាប់​ក្រុមហ៊ុន​តូច​ៗ​ ក្នុងការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ហ្វេសប៊ុក និង​ផ្ដល់ការ​បញ្ចុះ​តម្លៃពី ៧០ ដល់ ៨០ ភាគ​រយ​ ដែល​ស្ដាប់​ទៅល្អ​ខ្លាំង​ណាស់»។

លោក​បន្តថា​៖ «​ប៉ុន្តែ​​ប្រជាជន​កម្ពុជា​ជាច្រើន​មិនមាន​អារម្មណ៍​ថាត្រូវ​បាន​ការពារ​ និង​សង្ស័យ​ពីការ​ក្លែង​បន្លំ​ទេ»។​

លោក ​Julian ​Rake នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Quantum Media បាន​ពន្យល់​ថា ​ដោយ​សារតែ​កម្ពុជា​ បច្ចុប្បន្ន​​កំពុង​ទទួល​បានភាព​ពេញ​និយម ​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដូចជា​ហ្វេសប៊ុក​ ការ​បង្ហាញ​យីហោ​ជាឱកាស​ថ្មីដើ​ម្បី​ត​ភា្ជប់​ជា​មួយ​បំណង​ប្រាថ្នា​របស់​យុវវ័យ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email