Loading...

Friday, October 7, 2016

ស្ពានកញ្ចក់វែង និងខ្ពស់ជាងគេបំផុតលើពិភពលោកនៃទីក្រុង Zhanjiajie បានបើកដំណើរការឡើងវិញហើយ!!


ចិន៖ ស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេបំផុតលើពិភពលោកឆ្លងកាត់អាកាស នូវជ្រលងភ្នំដ៏សែនជ្រៅ ដែលមានទីតាំងស្ថិតនៅឯតំបន់ទេសចរណ៍ឧទ្យានជាតិនៃទីក្រុង Zhanjiajie ភាគខាងជើងខេត្តហួណាន ប្រទេសចិន។
គួររំលឹកថា ស្ពាននេះត្រូវបានបិទដំណើរការ ជាបណ្តោះអាសន្ន បន្ទាប់ពីមានភ្ញៀវទេសចរ មកយ៉ាងច្រើនកុះករពេក និងទើបតែប្រកាសបើកដំណើរការស្វាគមន៍ភ្ញៀវទេសចរជាថ្មីម្តងទៀត ជាមួយនឹងការធានាសុវត្ថិភាពខ្ពស់ជាងមុន។

គួរឲ្យដឹងថាអស់រយៈពេលប្រមាណជាង ១ខែទៅហើយ នៃការផ្អាកដំណើរការស្ពានកញ្ចក់មួយនេះ ដោយសារតែចំនួនភ្ញៀវទេសចរ មកកម្សាន្តមានចំនួនយ៉ាងច្រើនលើសលុប ជាមូលហេតុអាចបង្កឲ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុណាមួយ ទើបសម្រេចការផ្អាកដំណើរការសិន ដោយតម្រូវឲ្យមានការជួសជុលកែលម្អឡើងវិញបន្ថែមទៀត ដើម្បីរក្សាបាននូវសុខសុវត្ថិភាពដល់ភ្ញៀវទេសចរ។
ជាក់ស្តែង ក្នុងអំឡុងពេលនៃការបិទស្ពាននេះ ពោលគឺក្នុងខែកញ្ញាកន្លងទៅនេះ ក្រុមមន្រ្តីជំនាញរួមជាមួយនឹងកម្មករជាច្រើននាក់ទៀត បានចំណាយពេលយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើការរុះរើនូវរចនាសម្ព័ន្ធសុវត្ថិភាពស្ពានឡើងវិញ ឲ្យកាន់តែប្រសើរឡើងជាងមុន។ នេះបើយោងតាមប្រភពសារព័ត៌មានស៊ីនហួរ បានចេញផ្សាយ។
គណៈកម្មាធិការគ្រប់គ្រង បានធ្វើការដំឡើងនូវ «Intelligent Monitoring System» ឬហៅថា «ប្រព័ន្ធត្រួតពិនិត្យវៃឆ្លាត» ដើម្បីជួយសម្រួលក្នុងការគ្រប់គ្រង នូវលំហូរចេញចូលរបស់ភ្ញៀវទេសចរ និងថែមទាំងមានការឈូសឆាយផ្លូវមួយចំនួនទៀត ដើម្បីជាភាពងាយស្រួលដល់អ្នកទេសចរ ដែលអញ្ជើញមកទស្សនាទីតាំងមួយនេះ ក្នុងការចតយានជំនិះរបស់ខ្លួនផងដែរ។

គូសបញ្ជាក់ដែរថា ស្ពានកញ្ចាក់នេះ មានប្រវែងវែងរហូតដល់ទៅ ៤៣០ម៉ែត្រ ជាមួយនឹងកម្ពស់ប្រមាណ ៣០០ម៉ែត្រ ដែលបានបើកដំណើរការ តាំងពីថ្ងៃទី២០ សីហា ឆ្នាំ២០១៦មកម៉្លេះ។ ហើយត្រូវបានបិទដំណើរការវិញ បន្ទាប់ពីបើកបាន២សប្តាហ៍ប៉ុណ្ណោះ ដោយសារមានអ្នកទេសចរអញ្ជើញមកច្រើនពេក។
ទន្ទឹមនឹងការបើកដំណើរនេះជាថ្មីវិញនេះ ក្រុមវិស្វករធានាថា ស្ពានកញ្ចក់នេះនឹងកាន់តែមានសុវត្ថិភាពខ្ពស់ជាមុនទ្វេដង ដោយសារមានការបំពាក់ប្រព័ន្ធសុវត្ថិភាពដ៏ល្អឥតខ្ចោះ។
សម្រាប់តម្លៃសំបុត្រចូលទស្សនា ១៣៨យ័ន (ប្រហែលជា ២០ដុល្លារអាមេរិក)។ ភ្ញៀវអាចធ្វើការកក់សំបុត្រ តាមរយៈអនឡាញបានផងដែរ ព្រោះស្ពាននេះត្រូវបានកំណត់ចំនួនភ្ញៀវ ប្រមាណតិចជាង ៨,០០០នាក់ ក្នុងមួយថ្ងៃតែប៉ុណ្ណោះ ៕


 


 

ប្រភព៖ Shanghaiist
កែសម្រួល៖ ខ្មែរឡូត

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email