Loading...

Sunday, November 20, 2016

ទិដ្ឋភាពព្រៃលិចទឹក និងភូមិអណ្ដែតទឹកកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប


ខេត្តសៀមរាប ៖ «កំពង់ភ្លុក» គឺជាគោលដៅទស្សនាចរណ៍កម្សាន្តមួយដែលមិនគួរអាក់ខាន ព្រោះនៅទីនោះអ្នកទេសចរជាតិនិងអន្តរជាតិអាចទស្សនាបានជាមួយផ្ទាំងទស្សនីយភាពប្លែកៗនៃសម្រស់ធម្មជាតិ និងអាចស្វែងយល់ពីជីវភាពរស់នៅ ប្រពៃណីទំនៀមទម្លាប់ក៏ដូចជាការប្រកបរបរ នេសាទជាលក្ខណៈគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើងបានយ៉ាងជក់ចិត្តថែមទៀតផង។

កំពង់ភ្លុកស្ថិតនៅក្នុងទឹកដីភូមិ-ឃុំកំពង់ ភ្លុកស្រុកប្រាសាទបាគង មានចម្ងាយប្រមាណ១៩គីឡូម៉ែត្រពីខេត្តសៀមរាប ដោយយើងអាចជិះកាណូតទៅតាមដងស្ទឹងរលួសឬទៅតាមកំពង់ថ្កូវក៏បាន។ កំពង់ភ្លុកបណ្តែតខ្លួននៅលើដីកោះចោលសម្រស់យ៉ាងឆើតឆាយមានផ្ទៃទឹកព័ទ្ធជុំវិញនៅពេលយើងធ្វើដំណើរទៅដល់ភូមិដ្ឋាននេះភ្លាមនោះគេនឹងបានឃើញទូក និងកាណូតទេសចរណ៍ចតតម្រៀបគ្នាជាជួរៗនៅក្បែរគ្នា។ ប្រសិនបើលោកអ្នកក្រឡេកមើលទៅលើផ្ទៃបឹង នឹងប្រទះភ្នែកឃើញមានទេសភាពស្រស់បំព្រងណាស់រំលេចដោយលំនៅស្ថាន សាលារៀន វត្តអារាម រួមទាំងកសិដ្ឋាន ចិញ្ចឹមត្រី ក្រពើគួរឲ្យមនោរម្យបំផុត។

លោក ឆឺយ ឆន អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា យើងមានមធ្យោបាយជាច្រើនដែលអាចនាំលោកអ្នកទៅកាន់ភូមិកំពង់ភ្លុក ប៉ុន្តែមធ្យោបាយ ដែលងាយស្រួល និងចំណាយពេលវេលា តិចនោះ គឺតាមទូកឬកាណូតទេសចរណ៍ ដោយចេញដំណើរពីខេត្តសៀមរាបតាម បឹងស្ទឹង រលួសឬកំពង់ថ្កូវ។ បើធ្វើដំណើរ តាមកាណូតយឺតៗកាត់តាមភូមិបណ្តែតទឹកនេះ គឺត្រូវចំណាយពេល២០នាទីទើបឆ្លងផុតទៅដល់កណ្តាលដ៏ធំល្វឹងល្វើយ ដែលមានធម្មជាតិខៀវស្រងាត់។

លោក ឆឺយ ឆន ប្រាប់ថាកំពង់ភ្លុកជា ភូមិដ្នានតូចមួយប្រកបទៅដោយសោភ័ណភាពដែលមានពលរដ្ឋរស់នៅរកទទួលទានដោយអាស្រ័យលើការធ្វើនេសាទជាលក្ខណៈគ្រួសារប្រមាណជា៩០ភាគរយសល់ពីនោះប្រកបរបរផ្សេងៗទៀតយ៉ាង សុចរិត។ ក្នុងពេលដែលយើងបានមកដល់ទីដ៏មនោរម្យនេះយើងក៏អាចឈានចូលទៅទស្សនាការរស់នៅរបស់ប្រជាជននៅភូមិចុងឃ្នៀស និងភូមិកំពង់ឃ្លាំងរួមទាំងដែនជម្រកសត្វស្លាបព្រែកទាល់ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់ទេសចរណ៍កំពង់ ភ្លុកនេះបានផងដែរ។

ការដែលអ្នកទេសចរចូលចិត្ត និងចាប់អារម្មណ៍ភូមិកំពង់ភ្លុកនោះ ដោយសារតែទីនោះមានធម្មជាតិស្រស់បំព្រងគួរឲ្យទាក់ទាញណាស់រួមទាំងមានលំនៅស្ថាន វត្ត សាលារៀនបណ្តែតលើផ្ទៃទឹក និងនៅលើកោះសម្រាប់ក្មេងៗនៅតំបន់នោះរៀនសូត្រ។ ភ្ញៀវទេសចរដែលមកដល់ទីនេះក៏អាចទៅទស្សនាកន្លែងចិញ្ចឹមត្រី កសិដ្ឋានចិញ្ចឹម ក្រពើ មើលការនេសាទ(បង់សំណាញ់) និងស្វែងយល់ពីការរស់នៅរបស់ពលរដ្ឋនៅភូមិកំពង់ភ្លុកនេះបានយ៉ាងរីករាយមុននឹងបន្តដំណើរទៅកាន់គោលដៅតំបន់ ទេសចរណ៍ផ្សេងទៀតនោះ។

បើតាមការបញ្ជាក់ប្រាប់របស់លោក ឆឺយ ឆន ឲ្យដឹងទៀតថា បន្ទាប់ពីនោះយើងអាចទស្សនាទិដ្ឋភាពរួមនៅកំពង់ភ្លុកមើលឃើញផ្ទៃទឹកបឹងទន្លេសាបដែលជាជង្រុកនៃធនធានធម្មជាតិតែមួយគត់នៅក្នុងតំបន់អាស៊ី។ ក្នុងស្ថានភាពដ៏មនោរម្យបែបនេះបានធ្វើឲ្យមានភាពកាន់តែសប្បាយ ពិសេសពួកគាត់ត្រេកត្រអាលបំផុតជាមួយនឹងផ្ទាំងទស្សនីយភាពព្រះសុរិយាអស្តង្គតលើបឹងទន្លេសាបនៅតំបន់កំពង់ភ្លុកនេះយ៉ាងខ្លាំង ដូច្នេះហើយទើបបានជាពួកគាត់ដែលធ្វើ ដំណើរឆ្លងកាត់ភូមិដ្ឋានដ៏មនោរម្យនៅលើដែនកោះដីក្រហមនេះតែងតែមិនភ្លេចឡើយនូវការចូលលេងផងដែរ។

ភូមិកំពង់ភ្លុកត្រូវបានអ្នកដំណើរក៏ដូចជា អ្នកទេសចរដែលធ្វើដំណើរដោយកាណូតឆ្លងកាត់ទីនេះហាក់ជាប់ចិត្តក្រៃលែងទៅ នឹងបរិយាកាសដ៏ត្រជាក់បរិសុទ្ធនៅលើផ្ទៃទឹកដ៏ថ្លាយង់ឃើញមានសំណង់ផ្ទះបណ្តែតទឹក ព្រៃលិចទឹកលាតសន្ធឹងឆ្ងាយដាច់ កន្ទុយភ្នែកនោះក៏នៅមានហ្វូងសត្វស្លាបជាច្រើនប្រភេទដូចជាទាទឹក ក្អែកទឹក ប្រវឹក ស្មោញជាដើមហោះហើររកចំណីនៅលើផ្ទៃទឹកដងស្ទឹងរលួស កំពង់ថ្កូវ និងបឹងទន្លេសាបគួរឲ្យពេចពិលរមិលមើលណាស់ សម្រាប់អ្នកទេសចរដែលបានជិះកាណូតឆ្លងកាត់ និងបានមកដល់តំបន់កំពង់ភ្លុកនោះ៕

សូមទស្សនាវីដេអូ៖



សូមទស្សនារូបភាព៖












ប្រភព៖ Khmer Dailly
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email