Loading...

Wednesday, November 30, 2016

«​ចំបក់​»​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ទាក់ទាញ​ទេសចរ​គ្រប់​រដូវ​កាល​


កំពង់ស្ពឺ ៖ ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នកទេសចរ​ ដោយ​ការ​ជិះ​រទេះគោ​ឆ្ពោះ​ទៅកាន់​តំបន់​រមណីយ​ដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​ចំបក់​នោះ គឺ​ពិតជា​ប្លែក​អារម្មណ៍​និង​សប្បាយរីករាយ​មែនទែន​ជាមួយនឹង​ទិដ្ឋភាព​ព្រៃ​ព្រឹក្សា​ដ៏​ស្រស់​ត្រកាល​។ នៅ​អម​តាម​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​ទី​រមណីយដ្ឋាន​ទេស​ចរណ៍ធម្មជាតិ​ទឹកធ្លាក់​ចំបក់​គឺ​គ្រប់​អ្នកទេសចរ​ទាំងអស់​អាច​ជិះ​រទេះគោ​បណ្តើរ​គយគន់​ទេសភាព​បណ្ដើរ​ ដែល​មាន​ជ្រលង​ភ្នំ​ប្រមូលផ្តុំ​ដោយ​ព្រៃឈើ​ដុះ​ស្អេកស្កះ​គួរ​ឲ្យ​ជំពាក់​ចិត្ត​ក្រៃលែង​។

ក្រោយពី​យើង​ធ្វើដំណើរ​ដោយ​ការ​ជិះ​រទេះគោ​ក្នុង​ចម្ងាយ​ផ្លូវ​៣​គីឡូម៉ែត្រ​កាត់​ព្រៃ នោះ​យើង​នឹងត្រូវ​បន្ត​ដំណើរ​ដោយ​ថ្មើរជើង​វិញ​ម្តង​ប្រហែលជា​១​គីឡូម៉ែត្រ​ទៀត​ក្នុង​សភាព​ផ្លូវ​រដិបរដុប​ទើបបាន​ដល់​ទឹកធ្លាក់​«​ចំបក់​»​ដែល​លាក់ខ្លួន​ពួន​អាត្មា​នៅ​កណ្ដាល​ព្រៃ​ជ្រៅ​នោះ​។ ដំណើរ​កម្សាន្ត​ទៅកាន់​ទឹកធ្លាក់​ចំបក់​របស់​អ្នកទេសចរ​បើ​ទោះបី​ជា​មាន​ការ​ហត់នឿយ​បន្តិច​ក្តី ក៏ប៉ុន្តែ​ពួកគាត់​មិនបាន​ត្អូញត្អែរ​នោះ​ឡើយ​ផ្ទុយទៅវិញ​ម្នាក់ៗ​នៅ​តែមាន​កម្លាំង​បន្ត​ដំណើរ​ដោយ​ខំប្រឹង​បើកភ្នែក​ធំៗ​រំពៃមើល​ទេសភាព​ទាំងឡាយ​យ៉ាង​សប្បាយរីករាយ​ជា​ពន់ពេក​ជាមួយនឹង​សម្រស់​ធម្មជាតិ​នៅ​ទឹកធ្លាក់​ចំបក់​ដែល​គ្មាន​កន្លែង​ណា​ប្រៀបប្រដូច​បាន​នោះ​។ យើង​អាច​ធ្វើ​ដំណើរ​ទៅកាន់​ទឹកធ្លាក់​ចំបក់​បាន​ដោយ​ចេញពី​រាជធានី​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចុះ​នៅ​ត្រែងត្រយឹង​ឬក៏​លោកអ្នក​អាច​ជិះ​ឡាន​ទេសចរ​ខ្នាត​តូច​ទៅ​ត្រែងត្រយឹង​ផ្ទាល់​តែម្តង​ទៅដល់​ទឹកធ្លាក់​ចំបក់ ​ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​។ លុះដល់​ជើងភ្នំ​គិរី​រម្យ​បត់​ស្តាំ​តាម​ផ្លូវ​ក្រួស​ក្រហម​ចម្ងាយ​៨​គីឡូម៉ែត្រ​បន្ទាប់មក​យើង​ត្រូវ​បន្ត​ដំណើរ​ដោយ​ការ​ជិះ​រទេះគោ​ចេញពី​វត្ត​ចំបក់​ទៅ​ទឹកធ្លាក់​ចម្ងាយ​៣​គីឡូម៉ែត្រ​៨​ម៉ែត្រ​ទៀត​នោះ​យើង​នឹង​បាន​មកដល់​ទឹក​ចំបក់​ជាក់​ជាមិនខាន​។ ស្ថិតនៅ​ជាប់​នឹង​ឩ​ទ្យា​ន​ជាតិ​គិរី​រម្យ​ទឹកធ្លាក់​ចំបក់​មាន​កន្លែង​កម្សាន្ត​ជាច្រើន​ដើម្បី​ផ្តល់​ឲ្យ​អ្នកទេសចរ​ក្នុងស្រុក​និង​បរទេស​ទាំងឡាយ​ដែល​ចូលចិត្ត​ធម្មជាតិ ហើយ​ចំបក់​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ដោយសារ​មាន​ទឹកជ្រោះ​បី​ដំណាក់​ដែល​ទឹកជ្រោះ​ធំជាងគេ​នោះ​មាន​កម្ពស់​រហូតដល់​៤០​ម៉ែត្រ​ប្រកប​ទៅ​ដោយ​សោភ័ណភាព​យ៉ាង​ស្រស់​ស្អាត​បំផុត​។ អ្នកទេសចរ​ទាំងឡាយ​អាច​មកលេង​កម្សាន្ត​ទឹកជ្រោះ​នេះ​ជា​មួយ​នឹង​មគ្គុទ្ទេសក៍​ស្វែងយល់​ពី​ប្រភេទ​ដើមឈើ​សត្វព្រៃ​និង​ទស្សនា​ទិដ្ឋភាព​ទឹកធ្លាក់​នៅ​ទីនោះ​បាន​យ៉ាង​ជក់ចិត្ត​បំផុត។

លោក​កេត សុខុម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា មាន​ទីតាំង​ស្ថិត​នៅក្នុង​ទឹកដី​ភូមិ​ចំបក​ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដែល​រមណីយដ្ឋាន​ទេសចរណ៍​នេះ​មាន​សម្រស់​ឆើត​ឆាយ​គ្រប់​រដូវ​កាល​មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ប៉ប្រះ​​ថ្មដា​លាន់ឮ​សំឡេង​ខ្ទរ​ពេញ​ព្រៃ​លាយឡំ​នឹង​សំឡេង​សត្វ​បក្សាបក្សី​យំ​ខ្ញៀវខ្ញារ​លើ​មែក​ព្រឹក្សា​បង្កើត​ បាន​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ចាប់ចិត្ត​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំងឡាយ​មិន​ចង់​ឃ្លាតឆ្ងាយ​ ពី​ទីនេះ​មួយ​វិនាទី​ណា​ឡើយ។ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា តំបន់​អេកូ​ទេសចរណ៍​ចំបក់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុងឆ្នាំ​២០០២​ដោយ​អង្គការ​បរិស្ថាន​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះថា ម្លប់​បៃតង លុះ​ក្រោយមក​រាជរដ្ឋាភិបាល​បាន​រៀប​ចំ​បើក​ដំណើរការ​តំបន់​ទេសចរណ៍​នេះ​ជាថ្មី​ កាលពី​ថ្ងៃទី​៤ ​ខែមករា ឆ្នាំ​២០០៣​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួងបរិស្ថាន​ និង​អង្គការ​ម្លប់​បៃតង​នោះ​ក៏បាន​ធ្វើ​ឲ្យ​សហគមន៍​ទេសចរណ៍​ចំបក់​ចាប់​ផ្តើម​ប្រែក្លាយ​និង​អភិរក្ស​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ប្រកប​ ទៅ​ដោយ​សោភ័ណភាព​ស្រស់​ត្រកាល​ជា​មុននឹង​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរ​មក​កម្សាន្ត ​នៅ​ទឹកធ្លាក់​ចំបក់​នេះ​មានការ​កើន​ឡើង​ជាមុន​ជា​លំដាប់។ លោក​កេត សុខុម​បញ្ជាក់​ប្រាប់​ទៀត​ថា នៅ​ទឹកធ្លាក់​ចំបក់​ក្រៅពី​ទេសភាព​ព្រៃ​ស​ភ្នំ​ទឹកធ្លាក់ អូរ​និង​រូង​ប្រចៀវ​នោះ ចំបក់​ក៏​បាន​ផ្តល់​ឲ្យ​អ​អ្នកទេសចរ ​នៅ​ការ​យល់ដឹង​ពី​វប្បធម៌​ខ្មែរ​រួម​ទាំង​សកម្មភាព​គួរ​ឲ្យ​រីករាយ​បំផុត​នោះ​គឺ​ការ​ដើរ​កម្សាន្ត​កាត់​ព្រៃ​ទៅកាន់​ទឹកធ្លាក់​ទស្សនា​សត្វ​បក្សាបក្សី​ជិះ​កង់ ជិះ​រទេះ​គោ​និង​ញុំា​អាហារ​ជួបជុំ​ជាដើម​។ ការ​ធ្វើដំណើរ​កម្សាន្ត​មកកាន់​ទឹកធ្លាក់​ចំបក់​គឺ​ពិតជា​ដំណើរ​ទស្សនាចរណ៍​មួយ​ពោរពេញ​ទៅ​ដោយ​អនុស្សាវរីយ៍​និង​មាន​តម្លៃ​ណាស់​ព្រោះ​លោកអ្នក​អាច​ទទួល​បាន​នូវ​ភាព​ស្រស់​ស្រាយ​ពី​ធម្មជាតិ​ ដែល​មាន​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​ក៏ដូចជា​ងូតទឹក​ជ្រោះ​លេង​កម្សាន្ត ​រួម​ទាំង​ការ​គយគន់​ទឹកធ្លាក់​ពីលើ​ភ្នំ​។ មិនតែប៉ុណ្ណោះ​លោកអ្នក​ក៏​អាច​អង្គុយលេង​លើ​វល្លិ​ឈើ​ធំៗ​ ដែល​ព័ទ្ធ​ពត់​ពេន​លើ​គ្នា​បង្កើត​បានជា​ទោង​សម្រាប់​អ្នកទេសចរ​អង្គុយ​ថតរូប​រំលេច​ដោយ​ទេសភាព​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​។ នៅ​ទឹកធ្លាក់​ចំបក់​ត្រូវបាន​លោក​កេ​ត សុខុម​ប្រាប់​បន្ថែម​ឲ្យ​ដឹង​ថា ការ​មកកាន់​ទឹកធ្លាក់​ចំបក់​របស់​អ្នកទេសចរ​នឹង​ទទួល​បាន​សេវា​កម្សាន្ត​ជាង​១០​ក្នុង​នោះ​មានការ​ជិះ​រទេះគោ ជិះ​កង់ ការ​ស្នាក់នៅ ទស្សនា​របាំ​ប្រពៃណី​ជាដើម​ដែល​ធ្វើ​ឲ្យ​ការ​មកលេង​កម្សាន្ត​នៅ​ចំបក់​របស់​លោក​អ្នកមាន​ភាព​សប្បាយ ​បាត់​អស់​នូវ​ទុក្ខ​កង្វល់​ទាំងពួង​ផង​ដែរ ដូច្នេះ​ហើយ​ទើប​បានជា​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ទឹកធ្លាក់​ចំបក់​មាន​អ្នកទេសចរ​ការ​កើនឡើង​គួរ​ឲ្យ​កាត់​សំគាល់៕



ប្រភព៖ កម្ពុជាថ្មី
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email