Loading...

Tuesday, November 29, 2016

គ្រូកូរ៉េ​ថា ក្រុម​កម្ពុជា នឹង​កាន់​តែ​យ៉ាប់ បើ​កីឡាករ​មិន​ប្តូរ​ទម្លាប់​​អាក្រក់


ភ្នំពេញៈ លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​​លើក​ឡើង​ថា អនាគត​​​បាល់​ទាត់​​កម្ពុជា «នឹង​មិន​ល្អ​ឡើង» បើ​សិន​ជា​កីឡាករ​ទាំង​អស់ មិន​ព្រម​កែប្រែ​ទម្លាក់​អាក្រក់​ទេ​នោះ។

លោក​មើល​ឃើញ​ថា កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ទើរ​តែ​ទាំង​អស់ នៅ​តែមាន​បញ្ហា ដែល​ធ្វើ​ឲ្យ​កម្ពុជា បាន​ចាញ់​ទាំង​ ៣ ​ប្រកួត​ជាប់ៗ​គ្នា នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ពូល​ ពាន​រង្វាន់ AFF Suzuki Cup 2016 នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថ្មីៗ​នេះ។

លោក Lee Tae Hoon បាន​​និយាយ​ នៅ​ពេល​លោក​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ម្សិលមិញ​ថា៖ «​យើង​មាន​ចំណុច​វិជ្ជមាន​ច្រើន ប៉ុន្តែ​សំខាន់​យើង​បាន​បាត់​បង់​តុល្យភាព ឬ​លំនឹង ក្នុង​ការ​លេង​ទាំង​នៅ​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ។ កីឡាករ​ទាំង​អស់​បាន​ដឹង​ច្បាស់​ពី​បញ្ហា​​នេះ ប៉ុន្តែ​សំខាន់​កម្លាំង​កាយ​សម្បទា​របស់​ពួក​គាត់ មិន​អាច​លេង​បាន​ ៩០ ​នាទី ហើយ​គ្រាន់​តែ​ការ​បាត់​កម្លាំង​នេះ គឺ​អ្វីៗ​ក៏ទន់​ជ្រាយ​ទៅ​តាម​ហ្នឹង​ដែរ»។

គ្រូ​បង្វឹក​ជន​ជាតិកូរ៉េ​រូប​នេះ​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​តែង​តែ​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​លើ​អត្តចរិក​របស់​កីឡាករ និង​មុខ​មាត់​ក្រុម​យើង ហេតុ​នេះ​កីឡាករ​ខ្លួន​ឯង ក៏​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​មុខ​អ្នក​គាំទ្រ​ដែរ ហើយ​បើ​ពួក​គាត់​មាន​ទំនួល​ខុស​ត្រូវ គឺ​ពួក​គាត់​ពិត​ជា​អាច​កែ​ប្រែ​កំហុស​របស់​ខ្លួន​បាន»។

សម្រាប់​ការ​ប្រកួត​វគ្គ​ចាប់​ពូល​ពាន​ AFF Suzuki Cup 2016 នោះ​ កម្ពុជា​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-២ រួច​បន្ត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ២-១ និង​ចាញ់​ក្រុម​វៀតណាម ២-១។

លទ្ធ​ផល​នេះ​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា នៅ​បាត​តារាង​ពូល​ B និង​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ជាមួយ​​ម៉ាឡេស៊ី។ រីឯ​ក្រុម​វៀតណាម ដែល​មាន​ ៩ ពិន្ទុ​ពេញ និង​ក្រុម​មីយ៉ាន់ម៉ា ដែល​មាន​ ៦ ​ពិន្ទុ ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយ​ក្រុម​​លេខ​ ១ ​ប្រចាំ​ពូល​ A ​គឺ​ថៃ និង​ក្រុម​លេខ​ ២ ឥណ្ឌូនេស៊ី។

លោក Lee បន្ត​ថា៖​«​​បើ​កីឡាករ​របស់​យើង​មាន​កម្លាំង​គ្រប់​គ្រាន់ យើង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ។ បំណង​របស់​ខ្ញុំ​គឺ​ត្រូវឈ្នះ​ ២ និង​ស្មើ​ ១ ​ប្រកួត ប៉ុន្តែ​កីឡាករ​មិន​ជឿ​លើ​គោល​បំណង​របស់​ខ្ញុំ អ៊ីចឹង​ហើយ​ទើប​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ស្រុក ពួក​គាត់​មិន​សូវ​ខ្វល់​ពី​ការ​ថែ​សុខ​ភាព និង​រក្សា​កម្លាំង»។

លោក​សង្កត់​ធ្ងន់​ថា៖​«យើង​ទទួល​បាន​លទ្ធផល​យ៉ាង​ម៉េច​ទៅ​កើត បើ​កម្លាំង​លេង​អត់​ដល់​ ៩០ ​នាទី​ផង​ដែរ ដូច្នេះ​ខ្ញុំ​គិត​ថា​ដល់​ពេល ដែល​យើង​ត្រូវ​កែ​ប្រែ​នូវ​អត្តចរិក និង​ទម្លាប់​អាក្រក់​របស់​ក្រុម​កម្ពុជា​យើង​ហើយ ប៉ុន្តែ​បើ​សិន​ជា​យើង​មិន​កែ​ប្រែ​ទម្លាប់​អាក្រក់​ទាំង​នេះ​ទេ អនាគត​បាល់​ទាត់​របស់​កម្ពុជា មិន​ល្អ​ឡើយ»។

នៅ​ពេល​សួរ​បញ្ជាក់​ពី​ចំនួន​កីឡាករ​កម្ពុជា ដែលមិន​មាន​កម្លាំង​គ្រប់​គ្រាន់ លោក Lee​បញ្ជាក់​ថា៖​«ស្ទើរ​តែ​ទាំង​អស់ គឺ​មាន​តែ​កីឡាករ​ ២ ​ទៅ​ ៣ ​នាក់​ប៉ុណ្ណោះ ដែល​ចេះ​រក្សា​កម្លាំង​កាយ​សម្បទា។ ខ្ញុំ​ដឹង​ថា កីឡាករ​បាន​ដឹង​ខ្លួន​ឯង​ច្បាស់ ប៉ុន្តែ​សំខាន់​គាត់​មិន​ខំ​ប្រឹង​ខ្លួន​ឯង ហើយ​បើ​អត់​ប្រឹង​ប្រែង​ទេ ក៏​​ពួក​គាត់​អត់​មាន​អនាគត​ល្អ​នោះ​ដែរ»។

លោក Lee Tae Hoon នឹង​ត្រូវ​បញ្ចប់​កុង​ត្រា​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក្នុង​ខែ​ធ្នូ ខាង​មុខ​នេះ ហើយ​នៅ​ពេល​សួរ​បញ្ជាក់​ថា តើ​លោក​ចង់​បន្ត​កុង​ត្រា​បង្ហាត់​ក្រុម​កកម្ពុជា​ទៀត​ឬ​ក៏អត់​នោះ? លោក​បាន​ឆ្លើយ​ថា៖​«​ទេ! ខ្ញុំ​នឹង​មិន​បន្ត​​ទេ បើសិន​ជាពួក​គាត់​មិន​កែ​ប្រែ​កំហុស តែ​បើ​ពួក​គាត់​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង ខ្ញុំ​នឹង​បន្ត​បង្ហាត់​ទៀត ព្រោះ​ខ្ញុំ​បាន​បង្ហាត់​​ក្រុម​កម្ពុជា​ ៦ ឆ្នាំ​ហើយ ដោយ​បង្ហាត់​ដដែល និយាយ​ប្រាប់​ដដែល តែ​កំហុស​នៅ​តែ​កើត​ឡើង​ដដែល។ ពី​មុន​ខ្ញុំ​តែង​ជួយ​លាក់​បាំង ព្រោះ​គិត​ដល់​ពួក​គាត់ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​លែង​លាក់​ហើយ ដោយសារ​យើង​នៅ​មាន​បញ្ហា​ច្រើន តែ​ខ្ញុំ​លើក​យក​តែ​​បញ្ហា​កម្លាំង​មិន​គ្រប់​​មក​និយាយ​ប៉ុណ្ណោះ»៕




ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email