loading...
Loading...

Wednesday, November 9, 2016

ប្រទះឃើញនាវា​របស់អង់គ្លេស​​កាល​ពី​១៧០​ឆ្នាំ​មុនជាប់​ក្នុង​ទឹកកក តែ​សភាពនៅ​ល្អ និងប្រហែល​នៅប្រើ​បាន

loading...

Loading...

ការ​បាត់​ខ្លួន​នៃ​នាវា​រុករក​២​គ្រឿង​របស់​អង់គ្លេស កាល​ពី​ជាង​១៧០​ឆ្នាំ​មុន បាន​ក្លាយ​ជា​អាថ៌កំបាំង​ដ៏​ធំ​សម្បើម​មួយ​ក្នុង​វិស័យ​នាវាចរណ៍ តែ​មក​ទល់​ពេល​នេះ គេ​បាន​រក​ឃើញ​នាវា​នោះ​វិញ​ហើយ ដោយ​វា​ស្ថិត​ក្នុង​សភា​ល្អ​ដដែល រហូត​ដល់​គេ​ជឿជាក់​ថា បើ​បូម​ទឹក​ចេញ​ពី​នាវា​អស់ វា​នឹង​អណ្ដែត​ធម្មតា ។

នាវា HMS Terror ជា​នាវា​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​ការ​រុករក​ផ្លូវ​នាវាចរណ៍​មួយ​ខ្សែ ដែល​ភ្ជាប់​ភាគ​ខាង​ជើង​មហាសមុទ្រ​អាត្លង់ទិច ទៅ​នឹង​មហាសមុទ្រ​ប៉ាស៊ីហ្វិក តាម​រយៈ​សមុទ្រ​អាកទិច បណ្ដោយ​តាម​ឆ្នេរ​ភាគ​ខាង​ជើង នៃ​ទ្វីប​អាមេរិក​ខាង​ជើង ដែល​ការ​រុករក​ផ្នែក​នាវាចរណ៍​នេះ បាន​ធ្វើ​ឡើង​កាល​ពី​កំឡុង​ឆ្នាំ​១៨៤៥ តែ​ចៃដន្យ​អាក្រក់ នាវា​បាន​ជួប​គ្រោះ​ធម្មជាតិ​មួយ ។

នាវា HMS Terror និង​នាវា HMS Erebus ដែល​ត្រូវ​គេ​ចាត់​ទុក​ជា​បងប្អូន​គ្នា​នេះ ផ្ទុក​មនុស្ស​សរុប​១២៩​នាក់ តែ​វា​បាន​បាត់​ខ្លួន​នៅ​ទសវត្ស​ឆ្នាំ​១៨៤០ ពេល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​រុករក​សញ្ជាតិ​អង់គ្លេស លោក John Franklin ។

ដំណើរ​រុករក​របស់​លោក Franklin បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​១៨៤៥ ដោយ​លោក​គ្រោង​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាវាចរណ៍ Northwest Passage ដែល​ត្រូវ​ចាប់​ផ្ដើម​ពី​មហាសមុទ្រ​អាត្លង់ទិច ទៅ​កាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​ឆ្លង​កាត់​តំបន់​ប្រជុំ​កោះ​អាកទិច ។

ចៃដន្យ​អាក្រក់​មួយ​បាន​កើត​ឡើង ដោយ​នាវា​ត្រូវ​ជាប់​គាំង​ក្នុង​ទឹកកក ដែល​មាន​នៅ​ជុំ​វិញ​វា ធ្វើ​ឲ្យ​ទៅ​ណា​មិន​កើត ហើយ​អាហារ​ផ្គត់ផ្គង់​ក៏​អស់​ទៀត ដូច្នេះ​គេ​ក៏​បោះបង់​នាវា​នោះ​ចោល នៅ​ឆ្នាំ​១៨៤៨ តែ​ដោយសារ​អាហារ​កំប៉ុង​នៅ​សល់ មាន​ភាព​មិន​ល្អ វា​ធ្វើ​ឲ្យ​កង​នាវិក​ទាំង​អស់ ស្លាប់​ម្ដង​ម្នាក់ៗ ខណៈ​ដែល​គេ​មាន​បំណង​ចាកចោល​នាវា ដើរ​ទៅ​រក​ជំនួយ​នៅ​ទិស​ខាង​ត្បូង ។

អង់គ្លេស​បាន​បញ្ជូន​នាវា​ផ្សេង​ទៀត មក​តាម​រក​នាវា​ដែល​បាត់​ខ្លួន​នេះ តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គេ​រក​ឃើញ​តែ​ឆ្អឹង​ខ្មោច និង​កំណត់​ហេតុ​របស់​អ្នក​ទាំង​នោះ​ប៉ុណ្ណោះ ដែល​គេ​បាន​កត់ត្រា នូវ​ដំណើរ​រឿង​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង ។

រហូត​មក​ដល់​សម័យ​កាល​ថ្មី​នេះ នាវា HMS Erebus ត្រូវ​គេ​រក​ឃើញ​នៅ​បាត​សមុទ្រ ក្បែរ​កោះ King William ប្រទេស​កាណាដា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយឡែក​នាវា​ HMS Terror វិញ វា​ទើប​តែ​ត្រូវ​គេ​រក​ឃើញ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ ដោយ​ក្រុម The Arctic Research Foundation ហើយ​គេ​រក​ឃើញ​ក្នុង​បាត​សមុទ្រ ក្បែរ​កោះ​ King William នោះ​ដដែល ។

លោក Adrian Schimnowski ជា​អ្នក​នាំ​ពាក្យ​ឲ្យ​ក្រុម The Arctic Research Foundation បាន​ថ្លែង​ឲ្យ​ដឹង​ថា "បើ​យើង​អាច​ស្រង់​ទូក​នោះ​ចេញ​ផុត​ពី​ទឹក ហើយ​ចាក់​ទឹក​ចោល​ឲ្យ​អស់ វា​អាច​នឹង​អណ្ដែត​វិញ​បាន​ដូច​ធម្មតា ។" ។

គួរ​បញ្ជាក់​ថា នាវា HMS Terror នេះ ត្រូវ​គេ​រក​ឃើញ​ក្នុង​ជម្រៅ​ទឹក​ជាង​២៥​ម៉ែត្រ ទាំង​ដែល​បង្អួច​នាវា​ស្ថិត​ក្នុង​សភាព​ល្អ​ដដែល ហើយ​លោក Franklin ក៏​មិន​មែន​ជា​មនុស្ស​ដំបូង​ ដែល​ធ្វើ​ការ​រុករក​ផ្លូវ​នេះ​ដែរ ជាក់ស្ដែង​កាល​ពី​ឆ្នាំ​១៨២០ លោក William Parry ជាមួយ​នឹង​នាវា HMS Fury ក៏​ធ្វើ​ការ​រុករក​នេះ​ដែរ តែ​មិន​បាន​ជោគជ័យ​ទេ ៕






ប្រភព៖ CNN
កែសម្រួល៖ kqube
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email