Loading...

Friday, November 11, 2016

ល្បីថាកំពូល​តារា​កំប្លែង​ពិភពលោក​សាក់ឡូ(Charlie Chaplin) ធ្លាប់​​​មក​ទស្សនាមក្សាន្តនៅប្រទេស​កម្ពុជា​​​


សាក់​ឡូ​ ឬ​ដែល​មាន​ឈ្មោះ​ពិត​ថា ឆា​លី ឆា​ភ្លី​ន (Charlie Chaplin) ​កំពូល​តារា​កំប្លែង​ដ៏​ល្បី​ នៅ​ទូទាំង​​ពិភពលោក​ ដែល​ប្រជាជន​ខ្មែរ​​ជំនាន់​មុន​​ភាគ​ច្រើន​នៅ​​ចងចាំ​មិន​ភ្លេច​ឡើយ​ ហើយ​ក៏​មាន​​តារា​កំប្លែង​ ក្នុង​ស្រុក​យើង​ខ្លះ​ បាន​យក​ស្ដាយ៍​​សម្ដែង​ពី​លោក​ផង​ដែរ​​។​ ប៉ុន្តែ​​តើ​អ្នក​ធ្លាប់​​ដឹង​ទេ​ថា សាក់ឡូ មិន​ត្រឹម​តែ​ជា​ឈ្មោះ​ដែល​ត្រូវ​បាន​ប្រជាជន​ខ្មែរ​​ចងចាំ​ជាង​គេ​នោះ​ទេ តែ​លោក​ក៏​ជា​​បុគ្គល​​ម្នាក់​ក្នុងចំណោម​បុគ្គល​​ល្បី​ៗ​ ដែល​បាន​ជាប់ចិត្ត និង​ធ្លាប់​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ក្នុង​សម័យ​អាណានិគម​បារាំង​ផង​ដែរ​។​

​យោង​តាម​ប្រភព​​ពី​របាយការណ៍​មួយ​ពី​ប្រវត្តិសាស្ត្រ​ធ្វើ​​ដំណើរ​​របស់​ សាក់ឡូ បាន​ឲ្យ​ដឹង​ថា លោក​បាន​មក​ទស្សន​កិច្ច​​នៅ​ប្រទេស​កម្ពុជា​ គឺ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​អង្គរវត្ត​យើង​​ ​កាលពី​ឆ្នាំ​១៩៣៦ (សម័យ​បារាំង)​។ កាល​នោះ​ លោក​បាន​មក​ជា​មួយ​នឹង​អ្នក​​កំប្លែង​ម្នាក់​ទៀត ឈ្មោះ​ថា ផូលិត ហ្កោដាដ ( Paulette Goddard ) ។  ​​នា​ពេល​នោះ​ដែរ​ សារព័ត៌មាន​ក្នុង​ស្រុក​យើង​ និង​បរទេស​ខ្លះ​ក៏​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ការ​ផ្សព្វផ្សាយ ពី​ដំណឹង​របស់​លោក សាក់ឡូ មកកាន់​កម្ពុជា​ផង​ដែរ។

តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៣០​មក​ ​វា​កន្លង​ទៅ​ជិត​​៨០​ឆ្នាំ​មក​ហើយ ​ដែល​ស្ដាយ៍​កំប្លែង​ និង​ឈ្មោះ​របស់​ សាក់ឡូ​ នៅ​តែ​មាន​​ក្នុង​សង្គម​ខ្មែរ​យើង​នៅ​ឡើយ ពោល​គឺ​ឈ្មោះ​របស់​លោក ​ត្រូវ​បាន​ប្រជាជន​ខ្មែរ ​បាន​ស្គាល់​ និង​ចងចាំ ​ជាង​ឈ្មោះ​ប្រធានាធិបតី​ ឬ​មេដឹកនាំ​​ល្បី​ៗ​របស់​ពិភពលោក​ផ្សេងទៀត ​ដែល​ធ្លាប់​មកកាន់​កម្ពុជា​ទៅ​ទៀត​។

តារា​កំប្លែង​កាយវិការ​ សាក់ឡូ មាន​កំណើត​នៅ​ក្នុង​ចក្រភពអង់គ្លេស​ លោក​កើត​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ១៨៨៩ និង​បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៧ ក្នុង​អាយុ​៨៨​ឆ្នាំ​៕








loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email