Loading...

Wednesday, December 14, 2016

ប្រពន្ធ​ទី​2 ​ប្តឹង​ប្តី​ជាបើកបរ​រថយន្តក្រុង​ លួច​មាន​ទី​3 នាង​ទី​1​ប្តឹង​ទី​2​វិញ


រាជធានី​ភ្នំពេញ ៖ បុរស​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់​ដែល​មាន​ប្រពន្ធ​ដល់​ទៅ​៣​នាក់ ក្នុង​នោះ​ប្រពន្ធដើម​មាន​វ័យ​ជាង​៤០​ឆ្នាំ​មានកូន២​នាក់​រស់នៅ​ឯ​ខេត្តតាកែវ ។ ចំណែក​ប្រពន្ធ​ទី​២​មាន​វ័យ​៥៧​ឆ្នាំ​នៅ​ឯ​ខេត្តក្រចេះ ។ ទោះបី​មាន​ប្រពន្ធ​២​ហើយ​ក្តី ក៏​មិន​ទាន់​ស្កប់ស្កល់​ដែរ​ដោយ​គាត់​បាន​លួចលាក់​មាន​ប្រពន្ធ​ទី​៣​ទៀត នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំ គឺ​ក្មេង​ជាង​អ្នក​មុន ។

សម្រាប់​ប្រពន្ធ​ទី​១ និង​ទី​២​មាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ ចំណែក​ប្រពន្ធ​ទី​៣​មិន​ទាន់​បាន​ចុះ​នៅឡើយ​ទេ ។ ទោះបីជា​បែប​ណា​ប្រពន្ធ​ទី​១ និង​ប្រពន្ធ​ទី​៣​បាន​ត្រូវរ៉ូវ​គ្នា​ល្អូក​ល្អឺ​ន​មិន​មាន​ទំនាស់​គ្នា​នោះ​ទេ ។ ដោយឡែក​ប្រពន្ធ​ទី​២​វិញ​កន្លង​មក​មិន​បានដឹង​ថា ប្ដី​មាន​ប្រពន្ធដើម និង​ប្រពន្ធ​ទី​៣​ទេ ស្មាន​តែ​មាន​តែ​គាត់​ម្នាក់ឯង​ប៉ុណ្ណោះ ។ លុះ​ពេល​បានដឹង​ពី​ពុត​ប្តី​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ឲ្យ​ជួយ​ឃាត់ខ្លួន​ប្ដី និង​ប្រពន្ធ​ទី​៣​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ និង​បាន​ទាមទារ​ការ​សងជំងឺចិត្ត​ពី​ប្ដី និង​ប្រពន្ធ​ទី​៣​ចំនួន​១០​លាន​រៀល និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១២​មួយ​គ្រឿង ។

បន្ទាប់​ពី​ផ្ទុះ​រឿង​ប្តឹង​ប្តី​ប្រពន្ធ​ទី​១​មិន​បាន​នៅ​សម្ងំ​ស្ងៀម​នោះ​ទេ បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ទី​៣​ថា ខ្លួន មិន​ឲ្យ​ប្រពន្ធ​ទី​២​ធ្វើបាប​ប្ដី​ទទេ​ៗ​នោះ​ឡើយ គឺ​គាត់​នឹង​ទារ​សំណង​ពី​ប្រពន្ធ​ទី​២​ចំនួន​៥​ពាន់​ដុល្លារ​វិញ​ដែរ ព្រោះ​នាង​ឯង​យកប្តី​អញ​។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ហើយ​បុរស​ជា​ប្ដី និង​ប្រពន្ធ​ទី​៣​ត្រូវ​បាន​កម្លាំង​នគរបាល​ទៅ​ឃាត់ខ្លួន​ដល់​ផ្ទះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ សោម ផល្លា អាយុ​៥១​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ថ្នល់​ធ្លក ឃុំ​បឹង​ស្រ​ង៉ែ ស្រុក​ឈូក ខេត្តកំពត មុខរបរ​បើកបរ​រថយន្តក្រុង ។​ គាត់​មាន​ប្រពន្ធ​ចំនួន​៣​នាក់​ក្នុង​នោះ​ប្រពន្ធដើម​ឈ្មោះ វង ឡែ​ម អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ បុរស​នោះ​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ទី​១​តាំងពី​ឆ្នាំ​១៩៨៧​មក​ម្ល៉េះ មានកូន​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ និង​មាន​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​ផង​ដែរ ។ ប្រពន្ធ​ទី​២​មានឈ្មោះ ស៊ឹ​ប ស៊ុ​យ​ហេង អាយុ​៥៤​ឆ្នាំមុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ហាន់ជ័យ​ទី​២ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ត្រពាំង​ព្រីង ឃុំ​ក្រចេះ ស្រុក​ក្រចេះ ខេត្តក្រចេះ ។ រវាង​ប្តី​ជាមួយ​ប្រពន្ធ​ទី​២​នេះ​អត់​បាន​រៀប​ការ​នោះ​ទេ​បាន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល​១៣​ឆ្នាំ​មក​ហើយ​តាំងពី​អំឡុង​ឆ្នាំ​២០០៣​មក​ម្ល៉េះ មានកូន​ម្នាក់​ប៉ុន្តែ​កើតមក​ស្លាប់ និង​បាន​ចុះ​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ឃុំ​ក្រចេះ​ផង​ដែរ ។

ដោយឡែក​ប្រពន្ធ​ទី​៣​ក្មេង​ជាងគេ​ឈ្មោះ ស្រី​មុំ អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ មិនតែប៉ុណ្ណោះ​បាន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល​៥​ឆ្នាំ​មក​ហើយដោយ​មិន​បាន​រៀប​ការ​នោះ​ឡើយ គឺ​តាំងពី​អំឡុង​ឆ្នាំ​២០១១​មក​ម្ល៉េះ​មានកូន​ម្នាក់​ប៉ុន្តែ​កើតមក​ស្លាប់​ដែរ ។ ហើយ​បុរស​នោះ និង​នាង​មិន​បាន​ចុះ​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ទេ ហើយ​សព្វថ្ងៃ​បុរស​នោះ​មិនសូវ​បាន​ទៅ​រក​នាង​ដើម និង​នាង​ទី​២​នោះ​ឡើយ​គឺ​បាន​ស្នាក់​នៅ​ជាមួយ​នាង​ទី​៣ ដែល​នៅ​ក្មេង ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​មាន​ប្រពន្ធ​ច្រើន​នេះ ជា​អ្នក​បើករថយន្ត​ក្រុង​តែង​ធ្វើ​ដំណើរ​ទៅ​គ្រប់​ខេត្ត​ក្រុង ហើយ​មិនមែន​មាន​តែ​ប្រពន្ធ​៣​នាក់​នេះ​ប៉ុណ្ណោះ​ទេ គឺ​នៅ​មាន​ផ្សេង​ទៀត​ដែល​តាម​ដឹង​មាន​រហូត​ដល់​ទៅ​៥​នាក់​ឯណោះ ។

ប្រពន្ធ​ទី​២​ដែល​បាន​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​បុរស​ជា​ប្ដី​នោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ជួប​ស្រលាញ់​គ្នា​ដំបូង​លោក​ប្ដី​បាន​ប្រាប់​ថា គាត់​ជា​បុរស​ពោះម៉ាយ​អត់​មាន​ប្រពន្ធ​កូន​ជាប់ដៃ​ជាប់ជើង​នោះ​ទេ គាត់​ស្រលាញ់​នាង​ដោយ​ស្មោះ ទើប​នៅ​ខណៈនោះ​គាត់​យល់ព្រម​ស្រលាញ់​វិញ​ទៅ ។ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ទៅ​ចុះ​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ថែម​ទៀត​ផងដោយ​មិន​នឹក​ស្មានថា​ប្តី​កុហក​នោះ​ទេ ។ មិនតែប៉ុណ្ណោះ​លោក​ប្ដី​មិន​ត្រឹមតែ​កុហក់​ថា អត់​មាន​ប្រពន្ធ​កូន​ប៉ុណ្ណោះ​ទេ បាន​លួចលាក់​ទៅ​មាន​ប្រពន្ធ​ទី​៣​ម្នាក់​ថែម​ទៀត គឺ​ពិតជា​បាន​ក្បត់ចិត្ត​គាត់​ម្ដង​ហើយ​ម្ដងទៀត​ជា​បន្តបន្ទាប់​រហូត​មក និង​បាន​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​ទី​៣​ទៀត ។ ទ​ង្វើ​បែប​នេះ​រយៈពេល​ចុង​ក្រោយ​នេះ​ត្រូវ​បាន​បែកការ​ណ៏​ដឹង​ដល់​គាត់ ទើប​មិន​អាច​អត់ឱន​ឲ្យ​បាន​ក៏​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរា​គម​ន៏​ឃាត់​ទាំង​ប្ដី និង​ប្រពន្ធ​ទី​៣ ដើម្បី​ដោះស្រាយ​គ្នា​គឺ​ប្ដឹង​ទារជំងឺចិត្ត​ចំនួន​១០​លាន​រៀល និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១២​មួយ​គ្រឿង ហើយ​ចង់​ប្ដី​ទៅ​ណា​ក៏​ទៅ​ចុះ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ទេ និង​សុំ​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

ដោយឡែក​ប្រពន្ធ​ទី​៣​បាន​និយាយ​ថា នាង​ពិតជា​បាន​យក​បុរស​នោះ​ជា​ប្ដី​ប្រពន្ធ​មែនហើយ​ក៏​មានការ​ដឹង​ឮ និង​យល់ព្រម​ពី​ប្រពន្ធ​ទី​១​របស់​គាត់​ផង​ដែរ ។ តាម​ការ​អះអាង​ពី​ប្រពន្ធ​ទី​៣​ថា នាង​និង​ប្រពន្ធដើម មិន​ដែល​មាន​ទំនាស់​គ្នា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ប្រពន្ធដើម​បាន​ឲ្យ​នាង​ជួយ​មើលថែ​ប្ដី​ឲ្យ​បាន​ល្អ តែង​បាន​ទាក់ទង​រកគ្នា និង​ចេះ​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត ។

នាង​ប្រពន្ធ​ក្មេង​ទី​៣​បន្ត​ថា មុន​ពេល​បាន​ជួប​ស្រលាញ់​គ្នា​ជាមួយ​ប្ដី នាង​មិន​បានដឹង​ថា លោក​ប្ដី​មាន​អ្នក​ទី​២​រួច​ហើយ​នោះ​ទេ ដោយ​នឹក​ស្មានថា​ខ្លួន​នាង​គឺជា​ប្រពន្ធ​ទី​២ ។ លុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ស្ត្រី​ឈ្មោះ ស៊ឹ​ប ស៊ុ​យ​ហេង ទៅ​រករឿង​នាង​ដោយ​អះអាង​ថា គាត់​គឺជា​ប្រពន្ធដើម និង​មាន​កាន់​អេ​តា​ស៊ី​វិល​ទៅ​បង្ហាញ​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ហួសចិត្ត​យ៉ាង​ខ្លាំង មិនតែប៉ុណ្ណោះ​បាន​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​នាង និង​ប្ដី​ទៀត ។

នាង​ប្រពន្ធ​ទី​៣​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​នាង​ប្រពន្ធ​ទី​២​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​នាង​និង​ប្ដី​ចំនួន​១០​លាន​រៀល និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១២​មួយ​គ្រឿង ។ ខណៈនោះ​នាង​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ដំណើររឿង ដល់​ប្រពន្ធដើម​នៅ​ឯ​ខេត្តតាកែវ ហើយ​គាត់ ប្រុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​នោះ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ជាប់រវល់​ការងារ​ទើប​មិន​អាចម​កបាន និង​បាន​ប្រាប់​ថា និង​មក​នៅ​ថ្ងៃ​ទី​១៤ ធ្នូ វិញ ។ មិនតែប៉ុណ្ណោះ​ប្រពន្ធ​ទី​១​បាន​ប្រាប់​ថា មិន​ឲ្យ​ស្ត្រី​ដែល​ជា​ប្រពន្ធ​ទី​២​ធ្វើបាប​ប្ដី​ទេ គាត់​នឹង​ប្ដឹង​នាង​ទី​២​នោះ​ទារ​សំណង​៥​ពាន់​ដុល្លារ​វិញ បើ​មាន​លទ្ធភាព​ឲ្យ​ប្រាក់​ប៉ុណ្ណឹង​មក​ហើយ យកប្ដី​ទៅ​នៅ​ជាមួយ​ចុះ តែបើ​គ្មាន​ប្រាក់​ទេ និង​ប្រគល់​ប្ដី​ឲ្យ​នាង​ដែល​ជា​ប្រពន្ធ​ទី​៣​មើលថែ​វិញ ។ លុះ​ដឹង​ថា ប្រពន្ធដើម​ចង់​ប្ដឹង ទើប​នាង​ទី​២​សុខចិត្ត​សម្រួល​ដោយ​យក​សំណង​ត្រឹម​៦០០​ដុល្លារ​វិញ​និង​បាន​ធ្វើ​កិច្ចសន្យា​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្ដី មិន​រករឿង​ទៅ​ថ្ងៃក្រោយ​ទៀត​ឡើយ ។ ចំពោះ​សំណង​ផ្លូវចិត្ត​នេះ​ប្រពន្ធដើម​ជា​អ្នក​ចំណាយ​លុយ​ចំនួន​៦០០​ដុល្លារ​ក្នុង​ការ​បង់​ដើម្បី​បញ្ចប់រឿង​កុំឱ្យ​បែកផ្សែង​តទៅ​ទៀត ៕





ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email