Loading...

Thursday, December 1, 2016

រៀបចំភ្លើងស្តុប​ជិត​២០០​កន្លែង​រួច អាជ្ញាធរ​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ធ្វើ​ចរាច​ណ៍​បត់​ឆ្វេង​ទៀត​ទេ


រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា យោង​តាម​ការ​សិក្សា​កន្លង​មក រាជធានី​ភ្នំពេញ​មាន​កន្លែង​ដែល​កកស្ទះ​ចរាចរណ៍​ច្រើន​ជាងគេ មាន​រហូត​ដល់​ជាង​២០០​ទីតាំង ក្នុង​នោះ​ការ​កកស្ទះ​ខ្លាំង​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​ព្រឹក និង​ម៉ោង​៥​ល្ងាច​ដល់​ម៉ោង​៦​ល្ងាច ។

លោក​បាន​បញ្ជាក់​ថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ផ្នែក​ធំ​មួយ​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ គឺ​បច្ចុប្បន្ន​ភ្នំពេញ មាន​រថយន្ត​៤​ម៉ឺន​គ្រឿង​ចុះបញ្ជី រួម​ជាមួយ​រថយន្ត​តាម​ខេត្ត​ប្រមាណ​៣០​ម៉ឺន​គ្រឿង​ទៀត ។ បើ​រថយន្ត​ទាំងនោះ​ចូល​ភ្នំពេញ គឺ​គ្មាន​ផ្លូវ​ឲ្យ​គាត់​បើក​ទេ ។ ចំណែក​ផ្លូវ​នៅ​ភ្នំពេញ ពី​មុនគេ​ធ្វើ​តម្រូវ​ឲ្យ​តែ​មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​ប៉ុណ្ណោះ យ៉ាងច្រើន​រថយន្ត​១​ម៉ឺន​គ្រឿង ​ដោយ​ធ្វើ​ផ្លូវ​កាត់​ទទឹង​ច្រើន ដែល​បង្ក​ការ​កកស្ទះ ដូច​ជា ផ្លូវ​ព្រះ​មុនី​វង្ស និង​ផ្លូវ​ព្រះ​នរោត្តម​ជាដើម ទោះ​ដាក់​របាំង​ចែក​ទ្រូងផ្លូវ​ក៏​ទៅ​មិន​រួច គឺ​នៅ​តែ​មាន​បញ្ហា​ដដែល ។

លោក​អភិបាល​រាជធានី​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ដំណោះស្រាយ គឺ​ត្រូវ​តែ​មានការ​កែ​ផ្លូវ ដែល​ក្រុមការងារ​បាន​សិក្សា​បាន​បង្ហាញ​ថា រាជធានី​ភ្នំពេញ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​បត់​ឆ្វេង​ទេ លើកលែងតែ​មាន​ស្តុ​ប ដែល​ការងារ​នេះ នឹង​ត្រូវ​អនុវត្តន៍​នៅ​ពេល​ត​ភ្ជាប់ និង​ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ជិត​២០០​ទីតាំង (​សរុប​ទាំង​ចាស់ ថ្មី​) ។ ការ​មិន​ឲ្យ​បត់​ឆ្វេង​ទេ​នេះ ធ្វើ​ឲ្យ​អ្នក​ជិះ​រថយន្ត​មាន​ផែនការ​ថា បើ​ចង់ទៅ​ណា​ត្រូវ​គិត​ឲ្យ​ហើយ​សិន​ថា នឹង​ត្រូវ​ទៅ​តាម​ផ្លូវ​ណា​។ បើ​អត់​មាន​ផែនការ គឺ​ចេះ​តែ​ជិះ​គេច​ចុះ​គេច​ឡើង​នៅ​ពេល​ដែល​ស្ទះ​តាមតែ​ចិត្ត​នឹកឃើញ ដែល​ធ្វើ​ឲ្យ​ច្របូកច្របល់ និង​មិន​អាច​តម្រង់​ទិស​ចរាចរណ៍​បាន​នោះ​ទេ ។

មួយ​ឆ្នាំ​បង់ខាត​20​លាន​ដុល្លារ​ដោយ​ការ​កកស្ទះ​ចរាចរណ៍
បើ​តាម​ការ​ប៉ាន់​ប្រមាណ​ក្នុង​១​ឆ្នាំ​ៗ​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ បាន​ខាតបង់​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ​ពី​ការ​បញ្ឆេះ​ម៉ាស៊ីន​ចោល​តាម​ដងផ្លូវ ដោយសារ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រៀងរាល់ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​លើ​មនុស្ស​គ្រប់​គ្នា ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ ហើយ​ម្នាក់​ៗ​បាន​ទទួលស្គាល់​ថា ពិតជា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​មែន ។ ដោយសារ​តែ​ការ​កកស្ទះ​ចរាចរណ៍​ដោះស្រាយ​មិន​ចេញ​កន្លង​មក អាជ្ញាធរ​បាន​ត្រឹម​ដាក់​ភ្លើងស្តុប​នៅ​តាម​ផ្លូវបែក​ជា​បួន​នានា​ក្នុង​ន័យ ឱ្យ​អ្នកដំណើរ​ចែកពេល​គ្នា​ម្តងម្នាក់​តែ​ប៉ុណ្ណោះ ។

ក្នុង​ជំនួប​និង​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​ទូ​ទាំង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៩ វិច្ឆិកា ដោយ​មាន​វត្តមាន​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ផង​នោះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នេះ មិន​អាច​បណ្តែតបណ្តោយ​តទៅ​ទៀត​បាន​ទេ បើ​ពុំ​មាន​យន្តការ​ដោះស្រាយ​ទេ​នោះ​ទីក្រុង​នេះ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ខណៈ​ដែល​ប្រព័ន្ធ​គមនាគមន៍​មិន​សម​ស្រប​ទៅ​នឹង​ចំនួន​យានជំនិះ ដែល​មានការ​កើនឡើង​យ៉ាង​គំហុក​ជា​រៀង​រាល់​ឆ្នាំ ។ លោក​បាន​បន្ត​ថា បញ្ហា​ចរាចរណ៍​នេះ ទោះ​ត្រូវ​ចំណាយ​ប៉ុន្មាន​ក៏​អាជ្ញាធរ​រាជធានី​ហ៊ាន​បោះទុន​វិនិយោគ​បាន​ដែរ ឲ្យ​តែ​រក​ឃើញ​វិធីសាស្ត្រ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ទៀត​ថា ដើម្បី​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​បែប​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​សារាចរ​ណែនាំ​ស្តី​ពី​ការ​កំណត់​ពេលវេលា​ចេញចូល​របស់​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ស្រប​ពេល​ដែល​រថយន្ត​ធុន​ធ្ងន់​ដែល​បាន​ចុះបញ្ជី​មាន​រហូត​ប្រមាណ​ជា​៤​ម៉ឺន​គ្រឿង ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​រថយន្ត​ធុន​ធ្ងន់​ប្រមាណ​ជា​១​ពាន់​គ្រឿង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចេញចូល​រាជធានី​ភ្នំពេញ​ខុស​ពី​សារាចរ​នេះ ។ រថយន្ត​ប្រមាណ​ជា​១​ពាន់​គ្រឿង​នោះ ភាគច្រើន​ជា​រថយន្ត​បំរើ​ដល់​វិស័យ​សំណង់ ការ​សាងសង់​អគារ លំនៅ​ឋាន ដែក ស៊ីម៉ង់​តិ៍ ដឹក​ខ្សាច់ គ្រោះ​ថ្ម ដើម្បី​ស្ថាបនា​ផ្លូវ​ជាដើម ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ភ្នំពេញ​មាន​បញ្ហា​ស្ទះ​៣ គឺ​ស្ទះ​សំរាម ស្ទះលូ និង​កកស្ទះ​ចរាចរណ៍ ដែល​ការ​កកស្ទះ​ចរាចរណ៍​នេះ ដែល​ពលរដ្ឋ​ពិបាក​ទ្រាំ និង​មានការ​ខាតបង់​ធ្ងន់ធ្ងរ​ដែល​គេ​បាន​វាយតម្លៃ និង​សន្និដ្ឋាន​ថា ក្នុង​មួយ​ឆ្នាំ​ពលរដ្ឋ​បាន​ខាត​ថវិកា​ជិត​២០​លាន​ដុល្លារ ដោយសារ​តែ​បញ្ឆេះ​ម៉ាស៊ីន​ចោល​ទៅ​ជា​ផ្សែង​បង្ក​ឲ្យ​ខូច​បរិស្ថាន​ថែម​ទៀត ។ នេះ​មិន​ទាន់​និយាយ​ពី​អ្នកជំងឺ​ទៅ​ពេទ្យ​មិន​ទាន់ និង​ខាត​ពេលវេលា​ឬ​បញ្ហា​ផ្សេង​ៗ​នោះ​ទេ ។ លោក បាន​បញ្ជាក់​ថា ការ​កកស្ទះ​ចរាចរណ៍​បណ្តាល​មក​ពី​កត្តា​បី គឺ​១-​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ ២-​កត្តា​មធ្យោបាយ និង​៣-​កត្តា​មនុស្ស ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ៕




ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email