Loading...

Thursday, December 8, 2016

ករណីពុលស្រាស ខេត្តកំពង់ឆ្នាំង អ្នកស្លាប់កើនឡើង១៣នាក់ និងកំពុងជួយសង្គ្រោះកើនឡើងជាង៦០នាក់

(កំពង់ឆ្នាំង)៖ ករណីពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គិតត្រឹមវេលាម៉ោងជាង៨ យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ អ្នកស្លាប់កើនឡើង១៣នាក់ហើយ រីឯអ្នកកំពុងសង្គ្រោះនៅមន្ទីរពេទ្យនោះ បានកើនឡើងរហូតដល់ជាង៦០នាក់។

នៅពេលនេះអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងថ្នាក់ដឹកនាំខេត្ត កំពុងតែដឹកនាំមន្រ្តីជំនាញចុះជួយអន្តរាគមន៍ករណីនេះហើយ ដោយបានប្រមូលស្រាសបានយ៉ាងច្រើនផងដែរ មករក្សាទុកជាបណ្តោះអាសន្ន។

លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានបញ្ជាក់ថា នៅពេលនេះ ជនរងគ្រោះត្រូវបានបញ្ជូនមកជាបន្តបន្ទាប់ទៀត ហើយអ្នកបិតស្រាម្នាក់ ក៏ត្រូវឃាត់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស បានឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៦នេះថា ពលរដ្ឋក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល បានដេកស្លាប់ជាបន្តបន្ទាប់ ប៉ុន្មានថ្ងៃមកនេះ ដោយសង្ស័យថា ពុលស្រាស។

ជនរងគ្រោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានពុលបន្ទាប់ពីពិសារស្រាស ក្នុងពិធីបុណ្យសព៧ថ្ងៃ របស់សាច់ញាតិក្នុងភូមិ ដោយមានអ្នកខ្លះហូបតិច និងអ្នកខ្លះហូបច្រើន ស្រាប់តែយប់មិញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានអាការៈ រាករូស ក្អួត ថប់ដង្ហើប និងស្រវាំងភ្នែក ហើយក្រោយមកអ្នកស្រុក បានដឹកជញ្ជូនមកកាន់មន្ទីពេទ្យទាំងយប់ភ្លាមៗ។

ករណីខាងលើនេះ ប្រជាពលរដ្ឋសង្យ័យថា អ្នកស្លាប់កើតឡើងនៅក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល ឃុំក្រាំស្គារ ស្រុកទឹកផុស បណ្ដាលមកពីពុលស្រាស។

ទោះយ៉ាងណាករណីនេះ មិនទាន់មានសមត្ថកិច្ចណាអះអាង ពីមូលហេតុពិតប្រាកដនៅឡើយ ខណៈដែលកម្លាំងជំនាញកំពុង ស៊ើបអង្កេត និងស្រាវជ្រាវបន្ត៕














ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email