Loading...

Friday, January 13, 2017

ត្រូវជាប់ខ្នោះទាំងគូវិញ ខណៈមិត្តស្រីព្យាយ៉ាមរំដោះមិត្តប្រុសចេញពីគុក ដោយឲ្យបុរសនោះចូលក្នុងវ៉ាលី!!


វេណេហ្ស៊ុយអេឡា៖ ស្រ្តីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ ត្រូវបានប៉ូលិសចាប់បាន ខណៈកំពុងព្យាយាមជួយរំដោះមិត្តប្រុសរបស់នាងឲ្យចេញពីពន្ធនាគារ Puente Ayala ដោយបានខ្ចប់បុរសជាមិត្តប្រុសដាក់ក្នុងវ៉ាលីដ៏ធំមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន OddityCentral កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

ការប៉ុនប៉ងរំដោះមិត្តប្រុសចេញពីគុកនេះ ស្ទើរតែបានសម្រេចទៅហើយ ប៉ុន្តែអ្នកយាមនៅក្នុងគុកនោះ បានចាប់ផ្តើមមានការសង្ស័យ បន្ទាប់ពីពួកគេបានឃើញនារីខាងលើនោះ អូសវ៉ាលីចេញទៅក្នុងសភាពលំបាក ដូចជាមានអ្វីធ្ងន់នៅខាងក្នុង។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ដ្រីខាងលើនេះមានឈ្មោះថា Antonieta Robles Souda អាយុ២៥ឆ្នាំ នាងបានមកដល់ទីក្រុង Barcelona រដ្ឋ Anzoátegui ប្រទេសវេណេហ្ស៊ុយអេឡា កាលពីសប្តាហ៍មុន ដើម្បីមកសួរសុខទុក្ខមិត្តប្រុសរបស់នាង ឈ្មោះ José Antonio Anzoátegui ដែលត្រូវជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ ៨ខែ ពីបទលួចរថយន្ត។

ពេលមកសួរសុខទុក្ខ នាងថែមទាំងបាននាំយកកូនស្រីអាយុ៦ឆ្នាំម្នាក់ និងវ៉ាលីពណ៌ផ្កាឈូកដ៏ធំមួយមកជាមួយផងដែរ ដែលនេះមិនមែនជារឿងចម្លែកឡើយសម្រាប់សមាជិកគ្រួសារអ្នកទោស មកស្នាក់នៅមួយយប់ក្នុងពន្ធនាគារក្នុងប្រទេស អាមេរិកភាគខាងត្បូង។
ប្រភពព័ត៌មានបានបន្តថា គម្រោងការរបស់ពួកគេ បានដំណើរការទៅយ៉ាងរលូន ដោយស្ត្រីខាងលើបានអូសវ៉ាលីកាត់មុខឆ្មាំយាមក្នុងពន្ធនាគារជាច្រើននាក់ ដោយមិនមានការសង្ស័យ ប៉ុន្តែគម្រោងការដ៏រលូនមួយនេះបែរជាត្រូវបង្អាក់ នៅពេលឆ្មាំយាមទាំងនោះចាប់អារម្មណ៍ថា ស្រ្តីនោះប្រឹងទាញវ៉ាលីរបស់នាងយ៉ាងខ្លាំង។

ពួកគេក៏បានហៅនាង Antonieta ឈប់ និងបញ្ជារឲ្យនាងបើកវ៉ាលី ដើម្បីឆែកមើលថាតើខាងក្នុងមានដាក់របស់អ្វីខ្លះ ដោយគ្មានជម្រើសនាងក៏បានបើកវ៉ាលីនោះ ហើយឃើញ José Antonio នៅខាងក្នុងវ៉ាលីនោះយ៉ាងស្ងប់ស្ងាត់ ដូចមានជំនាញខ្លាំងអ៉ីចឹង រួមជាមួយសម្លៀកបំពាក់មួយចំនួនដាក់គ្របពីលើផងដែរ។

ក្រោយឃាត់ខ្លួនបាន ភ្នាក់ងារក្នុងពន្ធនាគារ Puente Ayala ក៏បានបញ្ជូនខ្លួនចោរលួចឡានរូបនេះ ចូលកន្លែងដើមវិញ រីឯមិត្តស្រីរបស់គេក៏ត្រូវបានចាប់ឃុំខ្លួនជាបណ្តោះអាសន្នសិនដែរ ដើម្បីរង់ចាំការចោទប្រកាន់ជាផ្លូវការ រីឯកូនស្រីអាយុ៦ឆ្នាំ របស់ពួកគេ ត្រូវបានបញ្ជូនទៅដាក់ក្នុងមជ្ឈមណ្ឌលថែទាំ និងផ្តល់សេវាសង្គម ដើម្បីមើលថែ៕



ប្រភព ៖ OddityCentral
ប្រែសម្រួល៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email