loading...
Loading...

Sunday, January 15, 2017

អ្នកចិញ្ចឹមត្រី៖ ត្រីនាំចូលពីវៀតណាម កំពុងសម្លាប់ របរចិញ្ចឹមត្រី នៅកម្ពុជា (មានវីដេអូ)

loading...

Loading...

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីទ្រទ្រង់ជីវិតបាននាំគ្នារអ៊ូរទាំដូចៗគ្នាថា ការនាំចូលត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់​ពីប្រទេសវៀតណាម កំពុងធ្វើឲ្យត្រី ដែលពួកគាត់ចិញ្ចឹមក្នុងស្រុកគ្មានទីផ្សារ ហើយក៏អាចធ្វើឲ្យពួកគាត់បោះបង់អាជីព​​ជាអ្នកចិញ្ចឹមត្រីនេះផងដែរ ព្រោះមិនអាចទប់ទល់ជាមួយការខាតបង់។

ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាកន្លែងចិញ្ចឹមត្រីប្រា និង ចិញ្ចឹមសត្វទាយកសាច់ និងពង ដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ របរចិញ្ចឹមត្រី និងទានេះ បានចូលរួមចំណែកជួយ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ​​ជាច្រើនគ្រួសារឲ្យបានល្អប្រសើរផងដែរ។

ក្រុមអ្នកប្រកបរបរចិញ្ចឹមត្រី និងចិញ្ចឹមទា បានឲ្យដឹងថា ពួកគាត់ប្រកបរបរនេះមិនតិចជាង ៦ឆ្នាំនោះទេ ហើយបណ្តាឆ្នាំកន្លងទៅការចិញ្ចឹមនេះ ក៏ទទួលបានផលល្អប្រសើរផងដែរ ពោលដល់អំឡុងខែសីហា នៃបណ្តាឆ្នាំនីមួយៗ តែងមានឈ្មួញចាប់យកទៅចែកចាយ តាមបណ្តាខេត្តអស់ៗតែម្តង ហើយដល់អំឡុងខែមករា នៃឆ្នាំថ្មី គឺពួកគាត់ត្រូវចាប់កូនត្រីដាក់ស្រះទៀតហើយ។

តែសម្រាប់ឆ្នាំ២០១៦កន្លងទៅនេះ ត្រីរបស់គាត់មិនមានឈ្មួញមកចាប់យក​ចែកចាយ​លើទីផ្សារឡើយ ទោះបីតម្លៃត្រីថោកជាងបណ្តាឆ្នាំកន្លងទៅក្តី ហើយត្រូវបានអូសបន្លាយ​រហូតមកដល់ខែមករា ឆ្នាំ២០១៧ទៅហើយ ក៏គ្មានឈ្មួញមកចាប់ត្រីយក​ទៅចែកចាយលើទីផ្សារ ដែរ។ ការអូសបន្លាយក្នុងការចាប់ត្រីនេះ បានធ្វើឲ្យត្រីប្រានៅតាមស្រះមួយចំនួន​ត្រូវងាប់ថែមទៀតផង ព្រោះតែមិនអាចទ្រាំនិងអាកាសធាតុ ដែលប្រែប្រួលជារៀងរាល់ថ្ងៃ។



អ្នកស្រី ហុង ចាន់ថន បានបញ្ជាក់ដូច្នេះ «ត្រូវប្រមូលផលក្នុងខែ១០(តុលា) ហ្នឹង ប៉ុន្តែគេអត់មកចាប់យើង អូសបន្លាយរហូតដល់ខែ១១, ១២ ឬខែ១ ជួបការលំបាកច្រើន។ ទីផ្សារឥឡូវធ្វើបានហើយ​លក់អត់ចេញ ដោយសារការនាំចូលពីប្រទេសជិតខាងច្រើនពេក អ៊ីចឹងធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុក​ដល់​ពេលប្រមូលផលបែរជាប្រមូលអត់បានទៅវិញ​​ធ្វើឲ្យមានការខាតបង់ច្រើន»។

លោក ឆន ប្រុស អាយុ ៤៩ឆ្នាំ និងជាអ្នកប្រកបរបរចិញ្ចឹមត្រីប្រាប្រមាណជា ៦ឆ្នាំមកហើយនោះ បានថ្លែងបញ្ជាក់ថា «កន្លងមកខែ៨ ហើយយ៉ាងយូរបំផុតខែ១០ ឬ១១អីណឹងអ្នកចិញ្ចឹមត្រីលក់ត្រី​ចង់អស់ហើយ។ ទើបតែឆ្នាំនេះ ជួបបញ្ហាលក់មិនបានដូចឆ្នាំកន្លងទៅទេ»។

ក្រុមអ្នករកស៊ីចិញ្ចឹមត្រី ដែលកំពុងប្រឈមការខាតបង់ធ្ងន់ធ្ងរ​ព្រោះគ្មានទីផ្សារនេះ បានអះអាងមូលហេតុដូចគ្នាថា ការដែលធ្វើឲ្យត្រីរបស់ពួកគាត់គ្មានទីផ្សារដូចបណ្តាឆ្នាំកន្លងទៅ ដោយសារមានការនាំចូលត្រីពីប្រទេសវៀតណាម​​យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកក្នុង ប្រទេសកម្ពុជា។ ក្នុងនោះមានត្រីខ្លះលួចនាំចូលតាមច្រករបៀង​ដោយមិនមានបង់ពន្ធ​ឲ្យបានត្រឹមត្រូវថែមទៀតផង។

លោក ហ្វាង សុខលី ដែលមានត្រីចិញ្ចឹមប្រមាណជា ១០០តោន និងបានប្រកបរបរចិញ្ចឹមត្រីប្រា ៥ឆ្នាំមកហើយនោះ បានឲ្យដឹងដូច្នេះ «មូលហេតុដោយសារត្រីប្រទេសជិតខាង​​គេនាំចូលមកតម្លៃធូរថ្លៃជាងយើង។ អ៊ីចឹងម៉ូយខ្លះគេសុខចិត្តចាប់ត្រីនៅក្រៅស្រុក ហើយត្រីក្នុងស្រុកគេចាប់តិច ធ្វើឲ្យត្រីក្នុងស្រុកចាល់ទៅៗ។ គេថោកជាងយើងខ្ទង់២០០រៀល ទៅ២៥០រៀល។ ឈ្មួញអ្នកចាប់ត្រីគេនិយាយថា អានាំចូលបង់ពន្ធតិចតួច អានាំចូលគេពន្ធវាច្រើន។ គេថាត្រីក្នុងស្រុកយើងរៀងថ្លៃ អ៊ីចឹងត្រីគេចពន្ធគេនាំចូលមកស្របច្បាប់​១ភាគ អាមិនស្របច្បាប់២ភាគអ៊ីចឹងទៅ។ បើនៅតែមានបញ្ហាដូចឆ្នាំអ្នកចិញ្ចឹមត្រី​នៅស្រុកខ្មែរដួលទាំងអស់»។

ក្រុមអ្នករកស៊ីចិញ្ចឹមត្រីនៅក្នុងភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក៏បានបង្ហាញពីមូលហេតុនាំឲ្យឈ្មួញ​ចូលចិត្តនាំត្រីពីវៀតណាម មកចូលទីផ្សារកម្ពុជាផងដែរ។ មូលហេតុទាំងនោះ មានដូចជា ក្រុមឈ្មួញភាគច្រើន​ជាជនជាតិវៀតណាម មួយវិញទៀត ដោយសារត្រីរបស់វៀតណាម មានតម្លៃថោកជាងត្រីចិញ្ចឹមនៅកម្ពុជា។ ថោកនេះ ដោយសារការចំណាយទុនចិញ្ចឹមដូចជាចំណីត្រីរបស់វៀតណាម​ធូរថ្លៃ ហើយវៀតណាម​មានបច្ចេកទេសចិញ្ចឹមបានលឿន​ជាងអ្នកចិញ្ចឹមត្រីខ្មែរ។

បើតាមក្រុមអ្នកចិញ្ចឹមត្រី វៀតណាមចិញ្ចឹមត្រឹមតែ ៦-៨ខែប៉ុណ្ណោះ អាចចាប់លក់បាន តែការចិញ្ចឹមនៅខ្មែរត្រូវចំណាយពេលរហូតដល់ជាង ១០ខែ។

លោក អេង ជាសាន អគ្គនាយកជលផល បានប្រាប់អង្គភាពព័ត៌មានថា ជាគោលការណ៍ខាងជលផល​តែងតែព្យាយាម ទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ព្រោះមិនចង់សម្លាប់ការចិញ្ចឹមត្រីនៅក្នុងស្រុកខ្មែរ។ តែលោក អេង ជាសាន ក៏មិនហ៊ានធានា ថា មានឈ្មួញលួចនាំចូលតាមច្រករបៀង ឬអត់នោះទេ ព្រោះការគ្រប់គ្រងច្រកមិនមែន​ជាសមត្ថកិច្ចរបស់ជលផលនោះឡើយ។

ដោយឡែករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទទួលស្គាល់ថា បច្ចុប្បន្នមានការលួចនាំចូលត្រីច្រើនពីប្រទេសវៀតណាម ហើយលោកក៏កំពុងរិះរកនូវយន្តទប់ស្កាត់​ការលួចនាំចូលនេះផងដែរ។





ប្រភព៖ Fresh News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email