Loading...

Friday, January 13, 2017

ឃើញខ្លោចចិត្ត អាណិតក្មេង!! រឿងរ៉ាវរបស់ក្មេងប្រុសរហ័សនាម «ក្មេងប្រុសរបាំងមុខ» ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែក!!


ចិន៖ ជោគវាសនារបស់ក្មេងប្រុសជនជាតិចិនម្នាក់ ដែលកើតមកត្រូវឆែបមុខតាំងពីកំណើត បណ្តាលឲ្យមានរង្វះមាត់វែងដល់គុម្ពត្រចៀក ដោយសារជំងឺដ៏កម្រមួយប្រភេទ បានឆក់យកការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់ តាមរយៈរឿងរ៉ាវក្នុងជីវិតរបស់គេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

ក្មេងប្រុសដ៏កំសត់នេះកើតនៅក្នុងខេត្តហ៊ូណាន  ភាគខាងត្បូងប្រទេសចិន ឆែបមុខទាំងសងខាងពីកំណើត ដែលមានន័យថា រូបគេមានគម្លាតដ៏ធំចំនួន២ នៅសងខាងមាត់រហូតដល់គុម្ពត្រចៀក។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែកំហូចទ្រង់ទ្រាយនេះ បណ្តាលឲ្យក្មេងប្រុស Huikang មើលទៅហាក់ដូចជាមានមុខដល់ទៅ២ ដែលបានបណ្តាលឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានហៅគេថា "ក្មេងប្រុសរបាំងមុខ" ហើយរហ័សនាមមួយនេះ ត្រូវបានគេប្រើជាង៧ឆ្នាំមកហើយ។


ជំនួសឲ្យអារម្មណ៍សប្បាយរីករាយនៅពេលដែលបង្កើតបានកូនមួយ ម្តាយរបស់ក្មេងប្រុស Huikang បែរជាមានអារម្មណ៍តក់ស្លុត និងរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានឃើញមុខ កូនប្រុសរបស់ខ្លួនជាលើកដំបូង។ នាងបាននិយាយថា ដំបូងឡើយក្រុមគ្រូពេទ្យមិនចង់ឲ្យនាងមើលមុខកូននោះទេ ប៉ុន្តែដោយសារតែនាងអង្វរសុំខ្លាំងពេក ពួកគេក៏យកកូនមកឲ្យនាងមើល ហើយពេលនោះរាងកាយរបស់នាងទាំងមូល មានអារម្មណ៍ថាស្ពឹកអស់រលីងតែម្តង។

ស្រ្តីជាម្តាយរូបនេះ បានឲ្យដឹងថា នៅពេលដែលនាងមានផ្ទៃពោះកូនប្រុសម្នាក់នេះ នាងបានទៅឆ្លុះអេកូស.ខ្មៅ ៣ដង(Ultrasound Scans) និងឆ្លុះអេកូពណ៌ (Doppler Ultrasound Scan) ម្តង ប៉ុន្តែមិនបានរកឃើញការខូចទ្រង់ទ្រាយណាមួយនៅលើរូបរាងកាយ ក៏ដូចជាផ្ទៃមុខនោះឡើយ។ ខណៈលោកយាយរបស់ ក្មេងប្រុស Huikang បានឲ្យដឹងដែរថា មានគ្រួសារជាច្រើនដែលស្គាល់គ្នា បានប្រាប់ឲ្យពួកយើងយកកូននោះទៅបោះចោលទៅ ប៉ុន្តែយើងមិនអាចធ្វើរឿងបែបនេះបាន។

ដោយ រស់នៅក្នុងភូមិ ដែលនៅប្រកាន់ខ្ជាប់ប្រពៃណីបុរាណ និងក្រីក្រ នាជនបទក្នុងប្រទេសចិន ក្រុមគ្រួសាររបស់ Huikang ត្រូវបានអ្នករស់នៅជិតខាងរបស់ពួកគេនិយាយចំអក ហើយមើលងាយមើលថោក ដោយសាររូបរាងខុសប្រក្រតីរបស់គេ។ ហើយរឿងរ៉ាវរបស់ក្មេងតូច Huikang បានល្បីសុះសាយពាសពេញប្រទេសនៅក្នុងឆ្នាំ២០១០ នៅពេលដែលម្តាយរបស់គេ បានយកគេទៅកាន់មន្ទីរពេទ្យយោធា លេខ១៦៣ក្នុងប្រទេសចិន ដើម្បីទទួលការព្យាបាល។



លោកគ្រូពេទ្យ Wang Duquan ដែលនៅក្នុងមន្ទីរពេទ្យយោធា បានមានប្រសាសន៍ថា ស្ថានភាពរបស់ Huikang គឺពិតជាកម្រ និងធ្ងន់ធ្ងរខ្លាំងណាស់។ មិនត្រឹមតែជាលិកាទន់ៗ នៅលើផ្ទៃមុខរបស់គេ មិនត្រូវបានបំផ្លាញនោះទេ ប៉ុន្តែវាក៏បានធ្វើឲ្យខូចខាត និងផ្លាស់ប្តូរឆ្អឹងលើផ្ទៃមុខ  ឆ្អឹងខាងក្រោមភ្នែក  ឆ្អឹងលលាដ៏ក្បាល និងថ្គាមផ្នែកខាងលើ ផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយមានជំនួយពីសាធារណៈជន គ្រួសារក្មេងតូចនេះ អាចមានលទ្ធភាពបង់ថ្លៃសម្រាប់ប្រតិបត្ដិការវះកាត់ឲ្យ Huikang កាលពីឆ្នាំ២០១០ ដោយចំណាយអស់ ៤០០.០០០យ័ន ឬប្រមាណ ៥៨.០០០ដុល្លារ។ Huikang បានទទួលការវះកាត់ចំនួន២ដង គឺកាលពីថ្ងៃទី១៩ ខែឧសភា និងថ្ងៃទៅ០១ ខែកញ្ញា នៅក្នុងមន្ទីរពេទ្យយោធាខាងលើ ហើយសុទ្ធតែទទួលបានជោគជ័យ។

តែទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Dr Duquan បានឲ្យដឹងក្រោយពេលវះកាត់ថា ក្មេងតូចនេះ ត្រូវរង់ចាំរហូតដល់១០ឆ្នាំ ដើម្បីពិនិត្យមើលថាតើឆ្អឹងមុខរបស់គេ អាចនឹងដុះឡើងធម្មតាដូចមនុស្សទូទៅដែរឬក៏អត់។

អស់រយៈពេល៧ឆ្នាំ រឿងរ៉ាវ និងរូបភាពរបស់ក្មេងប្រុស Huikang ត្រូវបានបណ្តាញព័ត៌មានចិនជាច្រើន ធ្វើការផ្សព្វផ្សាយ ហើយមនុស្សជាច្រើនបានភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំងចំពោះស្ថានភាពរបស់គេ ហើយក៏កំពុងតែព្យាយាមរកមធ្យោបាយជួយដល់គ្រួសាររបស់គេផងដែរ៕





ប្រភព ៖ Dailymail
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email